ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ខែតុលានេះ មានឧបសគ្គច្រើន ប៉ុន្តែទទួលបានផលវិជ្ជមាន

២៥ តុលា ២០២០ | ព័ត៌មានជាតិ

អ្នកពាក់ព័ន្ធទាំងឡាយ បានអះអាងថា ឧបសគ្គធំបំផុត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅខែតុលានេះ គឺទឹកជំនន់។ តែទោះយ៉ាងណា ដោយសារកិច្ចខិតខំប្រឹងប្រែងជម្នះឧបសគ្គ ធ្វើឱ្យកម្មវិធីសម្រេចបានលទ្ធផលល្អ ខណៈធនាគារពិភពលោក បានអះអាងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានជួយទប់ទល់ដ៏សំខាន់ ដល់ជីភាពរបស់ប្រជាជន ក្នុងគ្រាកំពុងជួបក្តីលំបាក។

 


ទឹកជំនន់គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៃ តុលា នេះ ដោយហេតុថា ទឹកជំនន់ ធ្វើឱ្យមនុស្សគ្រប់គ្នា ជាពិសេសអ្នកផ្តល់សេវា និង ទាំងអ្នកទទួលផល រវល់ច្រើន ជាពិសេសរវល់ក្នុងការចាត់ចែងគ្រួសារ ផ្ទះសម្បែងដែលរងទឹកជំនន់ ហើយទឹកជំនន់លិចផ្លូវ លិចភូមិស្រុក  ក៏បានបង្កក្តីលំបាកមួយកម្រិតទៀត សម្រាប់ការធ្វើដំណើរទៅផ្តល់សេវា និង ទៅបើកប្រាក់ឧបត្ថម្ភ រួមទាំងបញ្ជបើកប្រាក់ជូនអ្នកទទួលផលមួយចំនួន ។ ម្យ៉ាងទៀតទឹកជំនន់ ក៏បានធ្វើឱ្យមានភាពរអាក់រអួលដល់អ៊ីនធឺណេត ដែលជាកត្តាដ៏ចាំបាច់ក្នុងកិច្ចប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សាច់ប្រាក់នេះផងដែរ ។ នេះបើតាមរបាយការណ៍ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធភាពការងារ ផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ សម្រាប់ ខែ តុលា ដែលធ្វើឡើងនៅឯក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះ ។

 


ទោះយ៉ាងណា ទឹកជំនន់ មិនអាចបន្ទច់បង្អាក់ដល់ប្រតិបត្តិការ នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះឡើយ ដោយសារកិច្ចខិតខំប្រឹងប្រែងខ្នះខ្នះជម្នះរបស់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ធ្វើឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រេចបានលទ្ធផលគួរជាទីសោមនស្ស ដោយគិតត្រឹមម៉ោង ៦ និង ០០ នាទីល្ងាចថ្ងៃទី ២១ ខែ តុលា នេះ កម្មវិធីបានបើកប្រាក់ជូនអ្នកទទួលផលសរុបជិត ៥៥ ម៉ឺនគ្រួសារ ពីក្នុងចំណោមប្រជាជនជាង ៥៩ ម៉ឺនគ្រួសារដែលមានឈ្មោះក្នុងបញ្ជី សម្រាប់ខែ តុលា នេះ ដោយកម្មវិធីចំណាយថវិកា អស់ជាង ២៨ លានដុល្លារអាមេរិក ។

 


របាយការណ៍អង្កេតរបស់ធនាគារពិភពលោក ដោយមានកិច្ចសហការដោយវិទ្យានស្ថានជាតិស្ថិតិ សហភាព អឺរ៉ុប ឬ EU និង Australian Aid  បានអះអាងថា ប្រជាជន ៩១ ភាគរយ នៃ អ្នកមានប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ បានទទួលជំនួយសង្គមចាប់តាំងពីខែ មិថុនា មកម៉្លេះ ហើយភាគច្រើនបំផុតតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ហើយគ្រួសារភាគច្រើនបំផុត បានយកប្រាក់ទាំងនោះទៅប្រើប្រាស់ក្នុងការទិញស្បៀងអាហារសម្រាប់គ្រួសារ ដោយសារសេដ្ឋកិច្ច នៃ គ្រួសារទាំងនោះ បានចាប់ផ្តើមធ្លាក់ចុះតាំងពីមានកូវីដ ១៩ មកម៉្លេះ ហើយថវិកាដែលពួកគេទទួលបានតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះបានជួយទប់ទល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេយ៉ាងសំខាន់ ដែលបានសេចក្តីថា ជំនួយសង្គមតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានធ្វើឡើងចំពេលវេលា និង មានប្រសិទ្ធភាព ។ 

 


សូមជម្រាបរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែ មិថុនា ហើយគិតត្រឹមថ្ងៃទី ២១ ខែ តុលា ម្សិលម៉ិញនេះ កម្មវិធីបានចំណាយថវិកា អស់ប្រមាណជាជាង ១០៨ លាដុល្លារអាមេរិក ហើយ ដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា សុទ្ធសាធ ។

 


រាជរដ្ឋាភិបាល កម្ពុជា ក៏បានប្រកាសថា នឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះរយៈពេល ៣ ខែ ទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែ ទុលា ឆ្នាំ ២០២០ នេះ រហូតដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ៕

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024