ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កូរ៉េខាងជើងថាល្អងធូលីភាគល្អិតៗបក់ពីប្រទេសចិនអាចនាំការចម្លងជំងឺកូវីដ១៩មកកូរ៉េខាងជើង

 

 

ប្រទេសកូរ៉េខាងជើងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនអោយនៅក្នុងលំនៅដ្ឋាន ដោយនិយាយថា ល្អងធូលីភាគល្អិតៗពណ៌លឿងដែលបក់ពីប្រទេសចិនតាមរដូវកាលនោះ អាចនាំការចម្លងជំងឺកូវីដ១៩មកជាមួយចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

 


សារព័ត៌មានរដ្ឋកូរ៉េខាងជើង KRT នៅថ្ងៃពុធ(២១តុលា)បាននិយាយថា ល្អងធូលីភាគល្អិតពណ៌លឿងប្រហែលមានសារធាតុគ្រោះថ្នាក់ ដូចជាលោហធាតុធ្ងន់ និងអតិសុខុមប្រាណបង្កជំងឺដែលប្រហែលជាមានវីរុសនៅក្នុងខ្យល់។ កាសែតផ្លូវការរបស់ប្រទេសកូរ៉េខាងជើង Rodong Sinmun​ នៅថ្ងៃព្រហស្បតិ៍២២តុលា បានលើកឡើងថា ការឆ្លងជំងឺកូវីដ១៩ បន្តឆ្លងរាលដាលនៅទូទាំងពិភពលោក ដូច្នេះ ភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាល្អងធូលីពណ៌លឿង​តាមរយៈវិធានការជាច្រើនគឺជាកិច្ចការចាំបាច់បំផុត។

 

 

 

 

 

យ៉ាងណាក៏ដោយ ការអះអាងដែលថា វីរុសដែលបង្កជំងឺកូវីដ១៩អាចចម្លងចូលប្រទេសកូរ៉េខាងជើងតាមរយៈល្អងធូលីដីពណ៌លឿងដែលបក់មកពីតំបន់វាលខ្សាច់Gobi ដែលមានចម្ងាយ១៩០០គីឡូម៉ែត្រពីប្រទេសកូរ៉េខាងជើង ហាក់ដូចជាមិនមានហេតុផលគាំទ្រការអះអាងនេះឡើយ។ ការរក្សាចម្ងាយ២ម៉ែត្រ គឺជាការរក្សាគម្លាតសង្គមទូទៅមួយ បើទោះបីជាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកនិយាយថា ទឹកមាត់ដែលមានវីរុសជំងឺកូវីដ១៩ពេលខ្លះអាចនៅក្នុងខ្យល់ជាច្រើនម៉ោងក៏ដោយ។

 


នៅថ្ងៃព្រហស្បតិ៍ ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើង បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា ក្រសួងការបរទេសកូរ៉េខាងជើងបានជូនដំណឹងដាស់តឿនស្ថានទូតរុស្ស៊ី និងបេសកកម្មទូតដទៃទៀត និងអង្គការអន្តរជាតិនៅប្រទេសកូរ៉េខាងជើងអំពីល្អងធូលីភាគល្អិត ដោយការណែនាំអោយជនបរទេសទាំងអស់រក្សាការស្នាក់នៅក្នុងលំដៅដ្ឋាន ហើយបិទបង្អួច។

 

 

 

 

 

កូរ៉េខាងជើងមិនមានការរាយការណ៍ពីករណីចម្លងជំងឺកូវីដ១៩ថ្មីឡើយ ។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអនុវត្តន៍វិធានការគ្រប់គ្រងយ៉ាងតឹងរឹងនៅតំបន់ព្រំដែន និងវិធានការដាក់អោយរស់នៅ ដាច់ដោយឡែកដើម្បីបង្ការការផ្ទុះឡើងនូវជំងឺកូវីដ១៩។ អ្នកវិភាគបាននិយាយថា ប្រសិនបើមានការការផ្ទុះជំងឺកូវីដ១៩ សម្រាប់ប្រទេសឯកោទាំងនយោបាយ និងសេដ្ឋកិច្ចនេះអាចមានស្ថាន ភាពធ្ងន់ធ្ងរ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024