ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញបង្គាវៀតណាម រំពឹងសម្រេចបាន ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០

២៤ តុលា ២០២០ | សេដ្ឋកិច្ច

តាមការព្យាករ ការនាំចេញបង្គារបស់វៀតណាមនៅក្នុងឆ្នាំ ២០២០នេះ នឹងសម្រេចបានប្រមាណ ៣ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើងជិត ១០% ដែលរុញច្រានដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអឺរ៉ុប ធ្វើឲ្យមានភាពងាយស្រួល ក្នុងការនាំចូលមកកាន់ទីផ្សារអឺរ៉ុប។ នេះបើយោងតាម ការចុះផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។

 

សមាគមអ្នកនាំចេញគ្រឿងសមុទ្រវៀតណាម ដែលបានធ្វើការព្យាករខាងលើនេះ បានពន្យល់បន្ថែមថា ទីផ្សារអឺរ៉ុប គឺជាទីផ្សារនាំចូលបង្គាវៀតណាម ធំជាងគេលំដាប់ទី ៤ ដែលកាន់កាប់ចំណែក ១៣% នៃការនាំចេញបង្គាសរុបទាំងអស់របស់ប្រទេសវៀតណាម ខណៈដែលប្រទេសអាមេរិក ជប៉ុន និងចិន ឈរនៅលំដាប់ទី ១ ដល់ទី ៣។


សមាគម បន្តថា ទោះបីជាវិបត្តិកូវីដ១៩ បានទាញទមា្លក់ការនាំចេញបង្គា តាំងពីដើមឆ្នាំមកម្ល៉េះ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប បានចាប់ផ្តើមបង្ហាញសញ្ញាល្អឡើងវិញ នៅក្នុងត្រីមាសទី ៣នេះ ដោយសារតែមានការជួយសម្របសម្រួលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។


នៅក្នុងខែកញ្ញាកន្លងទៅនេះ ការនាំចេញបង្គាទៅកាន់អឺរ៉ុប មានតម្លៃសរុបជាង ៥៧លានដុល្លារអាមេរិក កើនឡើង ៣៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ ការនាំចេញបង្គាវៀតណាម ទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបាន ៣៧០លានដុល្លារ មានកំណើន ២%។


បើតាមរបាយការណ៍ពី សមាគមអ្នកនាំចេញគ្រឿងសមុទ្រវៀតណាម បានបង្ហាញ គិតចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញបង្គាវៀតណាម សម្រេចបានជាង ២ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


អំឡុងពេល ៩ខែនេះ អាមេរិក ជាទីផ្សារនាំចេញបង្គាធំជាងគេបំផុតរបស់វៀតណាម ដែលកាន់កាប់ចំណែក ២៤% នៃការនាំចេញបង្គាសរុប ពោលគឺប្រមាណ ៦៣៤លានដុល្លារអាមេរិក។

 


គួរជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រំពឹងថា ការនាំចេញបង្គាវៀតណាម នឹងអាចកើនឡើងបន្ថែមទៀត នៅក្នុងត្រីមាសទី ៤ ចុងឆ្នាំនេះដោយសារតែ ការផ្គត់ផ្គង់បង្គាទៅកាន់ទីផ្សារសកលលោក មានការថមថយចុះ ជាពិសេសគឺប្រទេសឥណ្ឌា ដែលមិនអាចផ្គត់ផ្គង់បានច្រើនដូចពីពេលមុន ដោយសារតែវិបត្តិកូវីដ១៩៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024