ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បារាំងក្លាយជាប្រទេសទី៧នៅលើពិភពលោកដែលមានអ្នកជំងឺកូវីដ១៩លើស១លាននាក់

 

 

 

តួលេខអ្នកកើតជំងឺកូវីដ១៩នៅប្រទេសបារាំងបានកើនឡើងលើស១លាននាក់នៅថ្ងៃសុក្រដែលធ្វើអោយប្រទេសបារាំងក្លាយជាប្រទេសទី៧នៅក្នុងពិភពលោកដែលមានអ្នកជំងឺកូវីដ១៩កើនឡើងដល់តួលេខខ្ទង់ជាង១លាននាក់នេះ។

 


ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ប្រទេសបារាំងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃចំនួន៤២០៣២នាក់ ដែលធ្វើអោយតួលេខអ្នកកើតជំងឺកូវីដ១៩សរុបនៅទួទាំងប្រទេសបារាំងបានកើន ឡើងដល់១លាន០សែន៤ម៉ឺន១ពាន់០៧៥នាក់។ នេះបើតាមការបង្ហាញតួលេខពីរដ្ឋាភិបាលបារាំង។

 


សហរដ្ឋអាមេរិកមានអ្នកជំងឺកូវីដ១៩ចំនួនជាង៨លាន៤សែននាក់ និងលេខរៀងបន្តបន្ទាប់មកគឺប្រទេសឥណ្ឌាមានអ្នកជំងឺកូវីដ១៩ចំនួន៧លាន៨សែននាក់ ប្រទេសប្រេស៊ីល៥លាន៣សែននាក់ ប្រទេសរុស្ស៊ី១លាន៥សែននាក់ ប្រទេសអាហ្សង់ទីន និងអេស្ប៉ាញទាំងពីរប្រទេសដូចគ្នា មានអ្នកជំងឺកូវីឌ១៩លើស១លាននាក់បន្តិច។

 

ប្រទេសបារាំងមានមនុស្ស២៩៨នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើអោយតួលេខសរុបអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងប្រទេសបារាំងមាន៣៤៥០៨នាក់។

 

ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុង បាននិយាយថា បំរាមគោចរដែលអនុវត្តន៍លើតំបន់មួយភាគធំគឺ២ភាគ៣លើប្រទេសបារាំងនៅយប់ថ្ងៃសុក្រ អាចនឹងរឹតត្បិតខ្លាំងបន្ថែមទៀត​ប្រសិនបើករណីឆ្លងជំងឺកូវីដ១៩មិនមានការថមថយចុះ។ ប្រធានាធិបតីបារាំងរូបនេះបន្តថា យើងនឹងត្រូវរស់នៅជាមួយវីរុសជំងឺកូវីដ១៩យ៉ាងតិចណាស់រហូតដល់រដូវក្តៅឆ្នាំក្រោយ។

 


លោកម៉ាក្រុងក៏បានលើកឡើងផងដែរថា ឆាប់ៗប្រសិនបើករណីឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះមកត្រឹម៣០០០ ទៅ៥០០០ករណីក្នុងមួយថ្ងៃ នោះបំរាមគោចរអាចត្រូវបន្ធូរបន្ថយ។

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024