ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ដួង ម៉ានិច ដឹកនាំសប្បុរជនចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ

២៣ តុលា ២០២០ | កម្សាន្ដ

តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ដួង ម៉ានិច កាលពីពេលថ្មីៗនេះបានដឹកនាំសប្បុរសជន សាច់ញាតិដែលបានផ្តល់នូវអំណោយសប្បុរសធម៌តាមរយៈមូលនិធីនៃក្តីស្រលាញ់ដើម្បីចែកជូនដល់ពលរដ្ឋមួយចំនួនកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។ 

 


តារាសម្ដែងរូបនេះ បានឆ្លៀតយកពេលវេលាពីការសម្តែងដោយធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ទឹកដីនៃខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើត និងជាខេត្តដែលរងផលប៉ះពាល់ខ្លាំងដោយគ្រោះទឹកជំនន់។

 

នាងបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនៅតំបន់មួយចំនួន នូវគ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាមួយចំនួនដើម្បីជួយសម្រាលការលំបាករបស់ពួកគេ។ 

 


កញ្ញា ដួង ម៉ានិច បានលើកឡើងថា មានសិល្បករ សប្បុរសជនមួយចំនួនបានធ្វើដំណើរទៅផ្ទាល់ជាមួយនាង ខណៈសប្បុរសជនមួយចំនួនក៏បានផ្ញើថវិកាតាមរយៈនាងផងដែរ។

 

 

នាងថាសប្បុរសជនទាំងនោះសុទ្ធតែជាអ្នកស្រលាញ់រាប់អាន ប្រាស្រ័យទាក់ទងនាងកន្លងមក ហើយពួកគាត់មានទំនុកចិត្តក្នុងកិច្ចការសង្គមរបស់នាងផងដែរ។

 

 

 

តារាសម្ដែងសិចស៊ីរូបនេះបន្តថា ជាទឹកចិត្តល្អប្រពៃដែលពួកគាត់បានយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ និងស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដែលបើទោះបីជាអំណោយដែលនាងនិងសប្បុរសជនបានផ្តល់ជូននេះមិនអាចបំពេញកង្វះខាតទាំងស្រុងក្តី ក៏អាចជួយបានមួយគ្រា និងជាការលើកទឹកចិត្តឲ្យពួកគាត់មានក្តីសង្ឃឹម និងតស៊ូទៅមុខក្រោយពីទឹកជំនន់បានស្រកចុះ។

 


ការចុះទៅជួបពួកគាត់ផ្ទាល់កាន់តែធ្វើឲ្យនាងក្តុកក្តួលខ្លោចផ្សារក្នុងចិត្តទប់អារម្មណ៍ស្ទើរមិនបាន។

 

 

នាងក៏ថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ធនធាន ជួយដល់ពលរដ្ឋដែលកំពុងរងទុក្ខលំបាកនៅពេលនេះ ហើយនាងក៏សូមបួងសួងដល់ទេវតាតាមតែរក្សាសប្បុរស និងប្រជាជនខ្មែរទាំងអស់រួចផុតពីគ្រោះទឹកជំនន់នេះឲ្យបានឆាប់៕

 

 

អត្ថបទ៖ ម៉ារិសា រូបភាព៖ ផ្ដល់ឱ្យ

  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024