ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

អ៊ីណូ កំពុងពិចារណាថតភាពយន្តជាថ្មី ក្រោយចាកឆ្ងាយពីវិស័យនេះច្រើនឆ្នាំ

២៣ តុលា ២០២០ | កម្សាន្ដ

ខណៈកាន់តែល្បីឈ្មោះបោះសម្លេង តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេលោក អ៊ីណូ បានបង្ហើបឲ្យដឹងថា ពេលនេះលោកកំពុងពិចារណាថតភាពយន្តជាថ្មីម្ដងទៀត ក្រោយចាកឆ្ងាយពីវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមក។

 

 

អ៊ីណូ តារាចម្រៀងដែលបច្ចុប្បន្នកំពុងល្បីឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើង តាមរយៈស្ទីលតុបតែងខ្លួន និងក្បាច់រាំប្លែកៗ ថ្មីៗនេះបានឲ្យភីអិនអិនដឹងថា លោកកំពុងតែពិចារណារឿងថតភាពយន្តជាថ្មីម្ដងទៀត បន្ទាប់ពីចាកឆ្ងាយពីវិស័យភាពយន្តអស់រយៈពេលជាច្រើនឆ្នាំ។


តាមការឲ្យដឹងពីម្ចាស់បទ «មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ» រឿងដែលលោកកំពុងពិចារណានេះ ជាប្រភេទរឿងដុំ ដូចស្នាដៃដែលលោកធ្លាប់សម្តែងឲ្យ សាន់ដេ កាលពេលកន្លងទៅដែរ។ តែការសម្រេចចិត្តបែបណា លោកនៅមិនទាន់អាចឲ្យដឹងបាននៅឡើយ។

 


តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះបន្តថា លោកមិនប្រកាន់រើសតួអង្គក្នុងការសម្តែងនោះទេ ដោយអះអាងថា ប្រឡូកសិល្បៈ១៨ឆ្នាំហើយ លោកមានបទពិសោធន៍ក្រាស់ក្រែល គ្រប់គ្រាន់អាចសម្តែងបានគ្រប់អត្តចរិកតួអង្គដែលផលិតករត្រូវការ។

 


ឈរលើវិថីសិល្បៈរយៈពេល១៨ឆ្នាំ តារាចម្រៀង អ៊ីណូ ជោគជ័យទាំងសិល្បៈ និងជំនួញផ្ទាល់ខ្លួន ដោយកាលពីពេលថ្មីៗ លោកទើបសម្ភោធឃ្លាំងរថយន្ត ដែលមានសេវាកម្មទិញលក់ និងជួសជុលរថយន្តនៅ ជិតផ្សារទំនើប Aeon2 ប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លា។


អ៊ីណូ ត្រូវមហាជនកត់សម្គាល់ថា កាន់តែមមាញឹកខ្លាំងឡើង បន្ទាប់ពីដំណើរការជំនួញថ្មីនេះ។ ទោះយ៉ាងនេះក្តី អ៊ីណូ គ្មានបំណងបោះបង់វិស័យសិល្បៈនោះទេ ទោះទៅថ្ងៃមុខជំនួញនេះជោគជ័យកម្រិតណាក៏ដោយ។


មិនឲ្យស្ងប់ស្ងាត់នោះទេ អ៊ីណូ បានកំពុងត្រៀមបញ្ចេញស្នាដៃចម្រៀងថ្មីចំនួន៣បទផ្ទួនៗ ដើម្បីបំបែកទីផ្សារចម្រៀងក្នុងស្រុក និងបង្កើនប្រជាប្រិយភាព ដោយបទទាំង៣សុទ្ធសឹងជាបទសេដ ហើយតាមការគ្រោង MVបទថ្មី នឹងត្រូវផលិតឡើងជាប្រភេទរឿងជាស៊េរី។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024