ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិន នឹងចេញបំរាមហាមឃាត់ការធ្វើដំណើរកម្សាន្ដចេញក្រៅប្រទេស ដោយសារហានិភ័យមេរោគឆ្លង

២៣ តុលា ២០២០ | សេដ្ឋកិច្ច

ប្រទេសចិន នឹងបន្តផ្អាក ការធ្វើដំណើរកម្សាន្ដជាក្រុមចេញទៅក្រៅប្រទេស ហើយក៏នឹងលុបចោល ភ្នាក់ការងារទេសចរណ៍អំពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្ដក្នុងប្រទេសផងដែរ ដោយសារតែបារម្ភពីហានិភ័យនៃការកើតឡើងជាថ្មីនៃករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរដូវរងារនេះ។

 

 

នេះបើតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ។


ប្រទេសចិន ធ្លាប់បានផ្អាកការធ្វើដំណើរកម្សាន្ដក្នុងស្រុក និងក្រៅប្រទេស លើកដំបូងនៅក្នុងខែ មករា ដែលវាជាផ្នែកមួយនៃវិធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគ  ដែលបានផ្ទុះការឆ្លងរីករាលដាលដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។

 

ទោះយ៉ាងណា ចាប់ពីខែកក្កដា ប្រទេសចិន បានអនុញ្ញាតឲ្យ មានការធ្វើដំណើរកម្សាន្ដក្នុងស្រុកឡើងវិញ ចំពេលដែលករណីឆ្លងមេរោគរាតត្បាតមានការធ្លាក់ចុះជាលំដាប់។

 


ការដាក់បំរាមលើការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ពីសំណាក់រដ្ឋាភិបាលចិននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសថៃជាដើម ដោយប្រទេសនេះ មានការពឹងផ្អែកខ្លាំង លើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

 


ការប្រកាសផ្អាកការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេសរបស់អាជ្ញាធរចិននេះ គឺធ្វើឡើង នៅចំពេលដែលប្រទេសថៃ ទើបតែបានចាប់ផ្ដើមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនាពេលថ្មីៗនេះ ដោយនៅក្នុងថ្ងៃបើកដំបូង គឺប្រទេសថៃ ទទួលបានក្រុមភ្ញៀវទេសចរចិន ៤១នាក់ សម្រាប់ជើងដំបូង។


អំឡុងពេលនៃការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ នៅដំណាក់កាលទី ១របស់ថៃនេះ  គឺកំណត់ចំនួនភ្ញៀវទេសចរត្រឹមតែ ១ពាន់ ២រយនាក់ ក្នុងមួយខែប៉ុណ្ណោះ ពោលគឺ មានទាបជាងការទទួលភ្ញៀវទេសចរបរទេស មុនពេលវិបត្តិកូវីដ១៩ ដែលធ្លាប់មានដល់ទៅ ៣លាននាក់ក្នុងមួយខែៗ ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024