ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ចំនួនអ្នកឆ្លងជំងឺ ខូវីដ១៩ សរុបនៅទូទាំង​ពិភពលោក កើនឡើងដល់ជាង​៤១,៥លាននាក់

ពាក់ព័ន្ធនឹង​ស្ថានការណ៍វិវត្តចុងក្រោយនៃជំងឺ ខូវីដ១៩ នៅជុំវិញពិភពលោក។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ ចំនួន​អ្នកឆ្លងជំងឺ ខូវីដ១៩ សរុបបានកើនឡើងដល់ជាង៤១លាន ៥សែននាក់ (41,519,351)។ ចំណែកអ្នកស្លាប់កើនឡើងដល់​ជាង១លាន ១សែន ៣ម៉ឺននាក់ ៦ម៉ឺននាក់ (1,136,463)។

 

 

នៅប្រទេសថៃថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលរកឃើញអ្នក​ឆ្លងថ្មី១០​នាក់ទៀត ជាករណីនាំចូល។ ពួកគេធ្វើដំណើរពីប្រទេស​ហូឡង់ ចក្រភពអង់គ្លេស យេម៉ែន បែលហ្សិក ជប៉ុន តួកគី និងកោះតៃវ៉ាន់។

 

 

ដោយឡែក ករណីឆ្លងនៅក្នុងសហគមន៍ ដែលកើតឡើង​នៅតំបន់​ជាប់នឹងព្រំដែនប្រទេសមីយ៉ាន់ម៉ានោះ ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែ​សម្រាប់មីយ៉ាន់ម៉ា ស្ថានភាព ខូវីដ១៩ នៅតែបន្តឆ្លងរាលដាលនៅក្នុងសហគមន៍។ ថ្ងៃនេះ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ារកឃើញអ្នកឆ្លងថ្មី​ចំនួន១១៩៤នាក់ និងស្លាប់២៧នាក់។

 

 

នៅវៀតណាម ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លង៣នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប​កើនឡើងដល់១១៤៦នាក់។

 

 

នៅឥណ្ឌា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជាង៥ម៉ឺន ៥ពាន់នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃទាបបំផុត​ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា។ អត្រាឆ្លងរាលដាល​នៅប្រទេសឥណ្ឌាបានឈានដល់កម្រិតកំពូល ហើយអាចនឹងធ្លាក់ចុះមកវិញ​ដោយសន្សឹមៗរហូតដល់កម្រិត​ថេរត្រឹមខែកុម្ភៈ ឆ្នាំ២០២១​។ ខាងលើនេះជាការអះអាងរបស់អ្នកវិទ្យាសាស្ត្រ។

 

 

បើគេក្រឡេកទៅមើលទ្វីបអឺរ៉ុបវិញម្ដង​។ នៅប្រទេសអាល្លឺម៉ង់ ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មីជាង១ម៉ឺន ២ពាន់នាក់ ដែលជាករណីឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ប្រកាសថា លោកបានឆ្លងជំងឺ ខូវីដ១៩ កាលពីពេលថ្មីៗនេះ។ ដូច្នេះ លោកត្រូវដាក់ខ្លួននៅដាច់ពីគេ។

 

 

 

នៅតំបន់អឺរ៉ុបខាងលិច អេស្ប៉ាញបានក្លាយជាប្រទេសទី១ ដែលមានអ្នកឆ្លងសរុបកើនឡើងដល់ជាង​មួយលាននាក់។ អត្រាឆ្លងរាលដាលប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់​ដដែលនៅអេស្ប៉ាញ ទោះបីអាជ្ញាខំប្រឹងទប់ស្កាត់យ៉ាងណាក៏ដោយ​។ ឧទាហរណ៍ អាជ្ញាធរដាក់​បម្រាមគោចរ ឬបិទតំបន់ខ្លះនៃទីក្រុងម៉ាឌ្រីត​។ 

 

 

ប្រទេសរុស្ស៊ីនៅតែមានអត្រាឆ្លងរាលដាលខ្ពស់ជានិច្ច ជាមួយនឹងអ្នកឆ្លងថ្មីជាង​១ម៉ឺន ៥ពាន់នាក់។ ទោះជាយ៉ាងណាក្ដី លោកពូទីន​មិនមានគម្រោងបិទប្រទេស ឬបិទតំបន់ដូចការព្រួយបារម្ភទេ​។ លោកថ្លែងថាអ្វីដែលជារឿងសំខាន់ និងជាអាទិភាពនៅពេលនេះ គឺការចាក់​វ៉ាក់សាំង​សម្រាប់ពលរដ្ឋរុស្ស៊ីជាទូទៅ​។ ដូច្នេះ រុស្ស៊ីត្រូវ​បម្រុងវ៉ាក់សាំងសម្រាប់ផ្ដល់ជូនពលរដ្ឋរបស់ខ្លួន​។ ចំណែកការលក់វ៉ាក់សាំងទៅ​ឲ្យប្រទេសដៃ ចាំគិតគ្នានៅពេលក្រោយទៀត​៕

 

 

 

ប្រែ​សម្រួល​៖ អន សំអាង


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024