ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្ថានទូតថៃ ប្រចាំកម្ពុជា ដឹកនាំក្រុមហ៊ុនចំនួន ៧ យកអំណោយឧបត្ថម្ភដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

២២ តុលា ២០២០ | ព័ត៌មានជាតិ

ក្នុងនាមជាប្រទេសជិតខាង ស្ថានទូតថៃប្រចាំកម្ពុជានៅព្រឹកមិញនេះ បានដឹកនាំក្រុមហ៊ុនចំនួន៧ ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា នាំយកអំណោយឧបត្ថម្ភដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីនាំយកចែកជូនប្រជាពលរដ្ឋកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់។ អំណោយទាំងនោះមានសម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ ជាដើម។

 


ពិធីប្រគល់ និងទទួលជំនួយនេះ ធ្វើឡើងរវាងលោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ព្រមទាំងមានការចូលរួមពីតំណាងរបស់ក្រុមហ៊ុនផ្សារម៉ាក្រូ និងក្រុមហ៊ុន៦ផ្សេងទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ បើតាមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កម្ពុជា និងប្រជាជនកម្ពុជា កំពុងតែទទួលរងគ្រោះដោយសារទឹកជំនន់ចំនួន១៩រាជធានីខេត្ត ក្នុងនោះខេត្តកណ្ដាល និងបន្ទាយមានជ័យរងផលប៉ះពាល់ខ្លាំង។ 


ជំនួយថ្ងៃនេះ មានអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ហើយមិនមែនសម្រាប់តែប្រជាពលរដ្ឋរងគ្រោះនោះទេ ក៏សម្រាប់មន្ត្រីជួយសង្គ្រោះផងដែរ។ លោកបន្តថា ក្នុងនាមប្រទេសជិតខាងគ្នា គឺត្រូវជួយគ្នា ក្នុងគ្រាមានអាសន្នយ៉ាងដូច្នេះ។

 


ក្នុងឱកាសទទួលជំនួយ ឯកឧត្ថម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រគ្រោះមហន្តរាយ បានចាត់ទុកជំនួយទាំងអស់នេះ គឺមានអត្ថន័យជ្រាលជ្រៅ ហើយចំពេលវេលាដែលកម្ពុជាកំពុងវមានតម្រូវការ ខណៈប្រជាពលរដ្ឋកម្ពុជាមួយចំនួន កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរយៈពេលខ្លី។ ហើយនេះសកម្មភាពដ៏ប្រពៃក្នុងនាមជាប្រទេសជាប់របងគ្នា។ កម្ពុជាថ្លែងអំណរគុណចំពោះស្ថានទូតថៃ ដែលឈឺឆ្កាលពីសុខទុក្ខរបស់កម្ពុជានាពេលនេះ។


បើតាមឯកឧត្ដម ទោះបីជារាជរដ្ឋាភិបាល មិនទាន់បានប្រកាសសុំជំនួយយ៉ាងណាក៏ដោយ ប៉ុន្តែជាការកត់សម្គាល់ មានសប្បុរសជនក្នុងស្រុកជាច្រើនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះតាមលទ្ធភាព និងគ្រប់រូបភាព សរបញ្ជាក់ពីស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមក។

 


យោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី២០តុលាឆ្នាំ២០២០នេះ បានប៉ះពាល់ជាង១០ម៉ឺនគ្រួសារ ស្មើនឹងចំនួនប្រជាជនជាង៤១ម៉ឺននាក់។ អាជ្ញាធរបានជម្លៀសប្រជាជនជាង៤ម៉ឺន២ពាន់នាក់ មកកាន់ទីទូលសុវត្ថិភាពផងដែរ។ ក្រៅពីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរាប់ម៉ឺនហិចតា ទឹកជំនន់ក៏បានបណ្ដាលអោយប្រជាជនបាត់បង់ជីវិតកើនឡើងរហូតដល់៣៤នាក់ហើយ៕

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024