ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ណែនាំអោយបញ្ឈប់ជាបន្ទាន់នូវការទទួលប្រាក់ផាកពិន័យ នៅគោលដៅរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក

០៦ ឧសភា ២០២០ | ព័ត៌មានជាតិ

ការទទួលប្រាក់ផាកពិន័យ គឺធ្វើឡើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឬអធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ ដែលនៅជិតដោយមិនតម្រូវអោយបង់ប្រាក់ពិន័យទាំងនោះនៅហ្នឹងទីតាំងរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវនោះទេ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដែលបានធ្វើការណែនាំទៅកាន់ស្នងការង និង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តាមស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ ។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា ចំពោះការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប៉ុន្មានថ្ងៃនេះ បានសង្កេតឃើញនគរបាលចរាចរណ៍មួយចំនួន នៅមានការទទួលប្រាក់ផាកពិន័យហ្នឹងគោលដៅរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្ទុយពីគោលការណ៍ដែលបានដាក់ចេញរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អោយបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលប្រាក់ផាកពិន័យហ្នឹងគោលដៅរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរ។

 


គួរបញ្ជាក់ថា តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងមាត្រ១៤ថ្មី បង្ហាញថា ការបង់ប្រាក់ពិន័យអន្តរការណ៍ធ្វើឡើងក្នុងរយៈពេល ១៥នៃថ្ងៃធ្វើការ  គិតពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរការណ៍។ ក្នុងនោះ ចំនួនទឹកប្រាក់ពិន័យនឹងត្រូវដំឡើងជាពីរដងចំពោះការមិនបានបង់លើសរយៈពេល១៥ថ្ងៃ ចំនួនទឹកប្រាក់ពិន័យនឹង ត្រូវដំឡើងជាបីដងចំពោះការមិនបានបង់លើសរយៈពេល៣០ថ្ងៃ និង រៀបចំកំណត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន៕

 

អត្ថបទ៖សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024