ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Kim Kardashian ជីវិតអណ្ដែត ក្រោយបែកធ្លាយវីដេអូសម្ងាត់

២១ តុលា ២០២០ | កម្សាន្ដ

តទៅនេះគឺជាការសង្ខេបអំពីជីវប្រវត្តិរបស់តារាទូរទស្សន៍អាមេរិកនាង Kim Kardashian ដែលបានសាងកេរ្តិ៍ឈ្មោះត្រកូល Kardashian (កាដាស្សៀន) ឲ្យក្លាយជាគ្រួសារល្បីមួយនៅហូលីវូដ និងមានទ្រព្យរាប់ពាន់លានដុល្លារ


កើតនៅទីក្រុង Los Angeles (ឡស អេជេឡេស) សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែតុលាឆ្នាំ ១៩៨០ តារាត្រគាកសិចស៊ី Kim Kardashian (គីម កាដាសៀន) ចាប់ផ្ដើមមានគេស្គាល់ដំបូងៗដោយសារជាមិត្តភ័ក្ដិនិងអ្នករៀបចំការស្លៀកពាក់របស់តារាចម្រៀង Paris Hilton។

 


កេរ្តិ៍ឈ្មោះរបស់ Kim Kardashian ចាប់ផ្ដើមល្បីខ្លាំងនៅឆ្នាំ ២០០៧ នៅពេលដែលវីដេអូស្រើបស្រាលរបស់នាងថតជាមួយអតីតមិត្តប្រុសក្នុងឆ្នាំ ២០០២ ត្រូវបានគេទម្លាយចេញ។

 

 

នៅចុងឆ្នាំ ២០០៧ ដដែលនោះ នាងនិងគ្រួសារបានចាប់ផ្ដើមបង្កើតកម្មវិធី "Keeping Up with the Kardashians" ជាកម្មវិធីដែលជួយឲ្យ នាងល្បីកាន់តែខ្លាំង ហើយបានជួយដល់សមាជិកក្រុមគ្រួសាររបស់នាងល្បីទៅតាមនោះផងដែរ ដូចជា Kylie Jenner និង Kendall Jenner ដែលសុទ្ធជាប្អូនស្រីបង្កើតរបស់នាង។ 

 


នៅឆ្នាំ ២០១៧ Kim Kardashian (គីម កាដាស្សៀន) បានឈានជើងចូលឧស្សាហកម្មសម្រស់ ដោយបានផលិតផលគ្រឿងសម្អាងម៉ាក KKW Beauty។ កាលពីខែមិថុនាឆ្នាំ ២០២០ កន្លងទៅ ទស្សនាវដ្ដី Forbes របស់អាមេរិក បានវាយតម្លៃថាម៉ាកគ្រឿងសម្អាង KKW នេះមានតម្លៃសរុបដល់ ១ពាន់លានដុល្លារឯណោះ។

 


នាខែឧសភា ឆ្នាំ ២០១៤  Kim Kardashian (គីម កាដាស្សៀន) បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយតារារ៉េប Kanye West (ខេនយ៉េ វ៉េស) ដែលមកទល់បច្ចុប្បន្ននេះពួកគេទទួលបានកូន ៤នាក់ ជាចំណងដៃ។

 

 

ដើម្បីអបអរថ្ងៃខួបកំណើតចូលដល់វ័យ ៤០ឆ្នាំរបស់ខ្លួន នៅថ្ងៃទី២១ ខែតុលានេះ Kim Kardashian មានគម្រោងនាំសមាជិកគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធប្រមាណ ៣០នាក់ ទៅកាន់កោះឯកជនមួយ តាមរយៈការជិះយន្តហោះឯកជន ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024