ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនយក្ស Samsung នឹងជួបប្រមុខរដ្ឋវៀតណាម ដើម្បីពិភាក្សាគម្រោងវិនិយោគរោងចក្រ

២១ តុលា ២០២០ | សេដ្ឋកិច្ច

អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលោក Lee Jae-Yong បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសវៀតណាម និងគ្រោងជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីជជែកពិភាក្សា និងស្វែងរកឱកាសអាជីវកម្ម ក៏ដូចជាការពង្រីករោងចក្រផលិតនៅក្នុងប្រទេសវៀតណាមផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

 


តាមសារព័ត៌មានកូវ៉េ Yonhap បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Samsung ទៅកាន់ប្រទេសវៀតណាមនេះ ត្រូវបានគេដឹងថា គឺផ្ដោតលើការ ប្រកាសរបស់ក្រុមហ៊ុនទាក់ទងនឹងគម្រោងវិនិយោគថ្មីៗ រួមទាំងការសាងសង់នូវរោងចក្រផលិតអាគុយសម្រាប់ឡានប្រើអគ្គិសនី នៅក្នុងប្រទេសវៀតណាមផងដែរ។


ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងឱកាសទស្សនកិច្ចនេះ លោក Lee Jae-Yong អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានរំពឹងថា នឹងចុះត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវអេឡិចត្រូនិក Samsung ដែលកំពុងសាងសង់នៅក្នុងរដ្ឋធានីហាណូយ។ ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនេះក្រុមហ៊ុនសាងសង់ បានចំណាយដើមទុនដល់ទៅ២២០លានដុល្លារអាមេរិក ហើយវាក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវទី១ ដែលក្រុមហ៊ុនបានសាងសង់ឡើងនៅក្រៅប្រទេសកូរ៉េខាងត្បូង។


ប្រទេសវៀតណាម គឺជាមូលដ្ឋានផលិតទូរស័ព្ទស្មាតហ្វូន ធំជាងគេបំផុតរបស់ក្រុមហ៊ុន Samsung ដោយមានដល់ទៅពាក់កណ្ដាលនៃទូរសព្ទដែលបានផលិតឡើងនៅវៀតណាម គឺបានផលិតនៅក្នុងរោងចក្រនៃខេត្ត បាក់ និញ និង ថៃ ង្វៀន ដែលស្ថិតនៅភាគខាងនៃប្រទេសវៀតណាម។ គិតមកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានវិនិយោគនៅក្នុងប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៧ពាន់លានដុល្លារអាមេរិកហើយ។

 

ក្រៅពីមានផលិតកម្មស្មាតហ្វូននៅវៀតណាម ក្រុមហ៊ុនក្រុមហ៊ុន Samsung ក៏មានរោងចក្រផលិតទូរទស្សន៍ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ នៅក្នុងទីក្រុងហូជីមិញផងដែរ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024