ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងហិរញ្ញវត្ថុថៃ បន្តព្យាយាមទាក់ទាញការវិនិយោគពីបរទេស ខណៈការផ្ទុះតវ៉ាប្រឆំាងនឹងរដ្ឋ នៅតែបន្ត

២១ តុលា ២០២០ | សេដ្ឋកិច្ច

ក្រសួងហិរញ្ញវត្ថុថៃ បាននិងកំពុងធ្វើការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្នែកពន្ធ ដោយមានការកែសម្រួលលើ ការលើកទឹកចិត្តផ្នែកពន្ធពិសេស សម្រាប់វិនិយោគិនបរទេស ដើម្បីត្រៀមខ្លួនទាក់ទាញការវិនិយោគពីក្រៅប្រទេស នៅពេលដែលប្រទេសថៃ បើកដំណើរការសេដ្ឋកិច្ចឡើងវិញនាពេលឆាប់ៗខាងមុខនោះ ហើយគណៈរដ្ឋមន្រ្តីថៃ ក៏បានដាក់ចេញនូវ វិធានការពិសេសសម្រាប់គ្រប់គ្រងលើ ការតវ៉ាតាមដងផ្លូវនោះដែរ។

 

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


លោក អាខុម រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ផែនការមួយនៃការជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ គឺការទាក់ទាញវិនិយោគពីក្រៅប្រទេស ហើយក្នុងនោះ រួមមាន ការកែសម្រួលការលើកទឹកចិត្តផ្នែកពន្ធពិសេស រយៈពេលខ្លី សម្រាប់វិនិយោគិនជាបុគ្គល និងវិស័យឯកជន ខណៈការលើកទឹកចិត្តក្នុងរយៈពេលវែង គឺគាំទ្រជាពិសេសដល់ ការវិនិយោគរបស់វិស័យឯកជន។


លោក ពន្យល់ថា អំឡុងពេលវិបត្តិកូវីដ១៩នេះ ថៃ ត្រូវតែរៀបចំវិធានការទាំងអស់ឲ្យរួចជាស្រេច ព្រោះថា នៅពេលដែល ថៃ បើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញ នោះ ថៃ នឹងអាចទាក់ទាញវិនិយោគិនបានយ៉ាងឆាប់រហ័ស និងជម្រុញការងើបឡើងនៃសេដ្ឋកិច្ចមកវិញ តែយ៉ាង លោក អាខុម មិនបានបង្ហាញលម្អិតពីខ្លឹមសារនៃ វិធានការលើកទឹកចិត្តពិសេសផ្នែកពន្ធនេះទេ។


ជាក់ស្តែង រាជរដ្ឋាភិបាលថៃ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធជាពិសេសជាទូទៅ ដល់ការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស តាមរយៈ ក្រុមប្រឹក្សាវិនិយោគថៃ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ដែលក្រសួងហិរញ្ញវត្ថុកំពុងរៀបចំ គឺផ្តល់ការលើកទឹកចិត្តទៅតាម វិស័យនីមួយៗដែលបានកំណត់ និងមានការកាត់បន្ថយពន្ធពិសេសផងដែរ។


ទាក់ទងទៅនឹងស្ថានភាពប្រកាសអាសន្នរបស់ប្រទេសថៃ លោក អាខុម បានលើកឡើងថា គណៈរដ្ឋមន្រ្តីថៃ បានពិភាក្សាអំពី ផលប៉ះពាល់ជារួម និងមានការដាក់ចេញនូវ ក្រឹត្យបន្ទាន់ ដើម្បីផ្តល់ទំនុកចិត្តដល់គ្រប់ភាគី និងធានាថា ការតវ៉ាតាមដងផ្លូវ នឹងមានការដោះស្រាយស្របតាម ច្បាប់ជាធរមាន។


ការដាក់ចេញនូវ ក្រឹត្យបន្ទាន់នេះ គឺមានការហាមឃាត់ដល់ ការប្រមូលផ្តុំមនុស្សចាប់ពី ៥នាក់ឡើងទៅ និងហាមឃាត់ការផ្សព្វផ្សាយព័ត៌មាន ឬផ្ញើសារ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិបាន ប៉ុន្តែវាពុំមានប្រសិទ្ធិភាពក្នុងការបញ្ឈប់ ការប្រមូលផ្តុំតវ៉ារបស់មនុស្សជាច្រើន នៅទីក្រុងបាងកក ដើម្បីទម្លាក់ថ្នាក់ដឹកនាំ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ ឲ្យចុះចេញពីតំណែងនោះទេ។


ការតវ៉ានេះ ដែលធ្វើឡើងដោយ ក្រុមយុវវ័យរាប់ពាន់នាក់ បានបន្តអស់រយៈពេល ៣ខែមកហើយ សម្តែងពីការមិនពេញចិត្តចំពោះ រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ លោក ប្រាយុទ្ធ តែយ៉ាងណារាជរដ្ឋាភិបាលថៃ នៅតែបន្តចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ និងព្យាយាមការពារផលប៉ះពាល់នានា ដែលអាចជះឥទ្ធិពលដល់ បរិយាកាសសេដ្ឋកិច្ចបាន។


គួរជម្រាបដែរថា ក្រៅពីការទាក់ទាញផ្នែកពន្ធនេះ ថៃ ក៏បានបង្កើតតំបន់សេដ្ឋកិច្ចជាច្រើនបន្ថែមទៀតដើម្បីទាក់ទាញការវិនិយោគមកពីក្រៅប្រទេស តួយ៉ាងដូចជា ច្រករបៀងសេដ្ឋកិច្ចខាងកើត ដែលត្រូវបានកំណត់ការអភិវឌ្ឍន៍ឲ្យក្លាយទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគពិសេស ដែលប្រមូលផ្តុំទៅដោយ បច្ចេកវិទ្យាទំនើប ឧស្សាហកម្មផលិតយក្សយក្ស និងសេវាកម្មដ៏សម្បូរបែប ដើម្បីបម្រើដល់ បណ្តាប្រទេសអាស៊ាន៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024