ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

២០កន្លងមកនេះ ការវិនិយោគរបស់បរទេសក្នុងវិស័យសំណង់សម្រេចបានជាង ៩ពាន់៥០០លានដុល្លារ

២១ តុលា ២០២០ | សេដ្ឋកិច្ច

នៅក្នុងរយៈពេល២០ឆ្នាំមកនេះ ការវិនិយោគសំណង់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ វិស័យឯកជនមកពីក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតជាតម្លៃទុនវិនិយោគមានការកើនឡើងដល់៩ពាន់៥០០លានដុល្លារហើយ ស្នើនឹង ៦២០ គម្រោងក្នុងនោះចិន និងកូរ៉េខាងត្បូងនៅតែជាប្រទេសនាំមុខគេដដែល។

 

 

នេះបើគិតរាប់ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់ដំណាច់ខែកញ្ញាឆ្នាំ២០២០នេះ ដែល ភី អិន អិន ទទួលបានរបាយការណ៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

 


របាយការណ៍ក្រសួងរៀបចំដែនដី បានបញ្ជាក់លម្អិត ថា រយៈពេល២០ឆ្នាំមកនេះចិនបានបោះទុនវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជា៣៣១ គម្រោង ជាមួយនឹងទុនវិនិយោគជាង ៥ពាន់៥០០លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមាន គម្រោងវិនិយោគ៦០គម្រោង មានទុនវិនិយោគជិត២ពាន់លានដុល្លារ ប្រទេសជប៉ុន មាន ៥៤ គម្រោង ជាមួយនឹងទុនជាង ៤រយលានដុល្លារ ថៃមាន៣៦ គម្រោងដែលមានទុនវិនិយោគ ២៥៥លានដុល្លារ និង សឹង្ហបុរីមាន ១៨គម្រោង ដែលមានទុនវិនិយ ១៨០លានដុល្លារ។

 


ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកកម្ម និងសំណង់បានប្រាប់ភីអិនអិននៅថ្ងៃនេះថាការវិនិយោគវិស័យសំណង់នៅកម្ពុជានៅតែដំណើរការល្អជាធម្មតាទាំងវិនិយោគក្នុងស្រុក និងបរទេស ដែលជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះដំណើរការនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់គឺនៅតែឃើញមានជាបន្តបន្ទាប់ទៅលើគម្រោងវិនិយោគអគារលំនៅដ្ឋាន អគារស្នាក់នៅរូម អគារពាណិជ្ជកម្ម និងគម្រោងឧស្សាហកម្មរោងចក្រ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលមានខេត្តកណ្តាល ខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងកំពតជាដើម៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024