ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

របាំ សហសម័យ «ឫសគល់» រឿងរ៉ាវនៃសិល្បករ៦នាក់ និងទម្រង់សិល្បៈបុរាណរៀងៗខ្លួន ទាក់ទាញ​ចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិ

១៩ តុលា ២០២០ | កម្សាន្ដ

ដើម្បីអភិវឌ្ឍជាទម្រង់សហសម័យដែលអាចបង្ហាញពីភាពជាខ្លួនឯងតាមរយៈគំនិត និងអារម្មណ៍ សិល្បករបានជ្រើសរើសប្រើប្រាស់របាំ សហសម័យ «ឫសគល់» ដែលនិយាយពីរឿងរ៉ាវនៃសិល្បករទាំង៦ និងទម្រង់សិល្បៈបុរាណរៀងៗខ្លួន។

 

 

របាំ សហសម័យ «ឫសគល់» ដែលជាស្នាដៃដំឡើងថ្មី និងដឹកនាំសម្តែងដោយ សិល្បករ ង៉ែត រ៉ាឌី បានបើកការសម្តែងដ៏អស្ចារ្យនៅសារមន្ទីរជាតិ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ទោះមានភ្លៀងធ្លាក់សស្រាំដោយសារកត្តាធម្មជាតិក្តី។

 

 

«ឫសគល់» និយាយពីរឿងរ៉ាវនៃសិល្បករទាំង៦នាក់ និងទម្រង់សិល្បៈបុរាណរៀងៗខ្លួនរួមមាន៖ របាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រួមទាំងសៀកផងនោះ ត្រូវបានច្របាច់បញ្ចូលគ្នាឲ្យចេញជារបាំសហម័យដ៏អស្ចារ្យ។

 

 

តាមការរៀបរាប់របស់ លោក ង៉ែត រ៉ាឌី អ្នកដំឡើង និងជាអ្នកដឹកនាំសម្តែង របាំ សហសម័យ «ឫសគល់» នេះ ជាផ្នែកមួយនៃកម្មវិធី រដូវវប្បធម៌ «ការបង្ហាញអត្តសញ្ញាណ ពួកគេ និង/ឬពួកយើង» ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ។

 

 

លើកឡើងពីអត្តន័យនៃពាក្យ ឫសគល់ ក្នុងស្នាដៃរបាំសហសម័យថ្មីនេះ ត្រូវបានអ្នកដំឡើង និងដឹកនាំសម្តែងឲ្យដឹងយ៉ាងដូច្នេះ៖
របាំ សហសម័យ «ឫសគល់» មានរយៈពេល៤០នាទី ជាស្នាដៃដំឡើងថ្មី ពីស្នាដៃចាស់ដែលមានរយៈពេល១០នាទីឈ្មោះថា «ទិសដៅ» ដែលដំបូងឡើយស្នាដៃនេះ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរៀនសូត្រប្រចាំថ្ងៃ អារម្មណ៍នៅពេលបញ្ច​ប់ការសិក្សារបស់សិស្សានុសិស្សថ្នាក់សកលវិទ្យាល័យ។

 

 

ក្រោយជោគជ័យលើគម្រោងដាំដុះរបស់អង្គការសិល្បៈខ្មែរអមតៈ ង៉ែត រ៉ាឌី នាថកា ល្ខោនខោល និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផងនោះ បានសម្រេចអភិវឌ្ឍស្នាដៃ «ទិសដៅ» ឲ្យចេញជាស្នាដៃ «ឫសគល់» ដែលស្នាដៃដំឡើងថ្មីនេះ គឺចង់ផ្តោតសំខាន់ឲ្យកាន់តែស៊ីជម្រៅទាក់ទងទម្រង់ទាំង៦ ថាតើទម្រង់និមួយៗ មានន័យអ្វីនៅពីក្រោយ ឬអាចធ្វើ​អ្វីបានលើសពីអ្វីដែរកំពុងមាន។

 

 

ដោយឡែក លោក ឥន្ទ សម៉ាណាក់ អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍនៃអង្គការសិល្បៈខ្មែរអមតៈ ក៏បានឲ្យដឹងថា «ឫសគល់» ជាកម្មវិធីទី៣ក្នុងចំណោមកម្មវិធីសម្តែងទាំង៦នៃកម្មវិធីរដូវវប្បធម៌ «ការបង្ហាញអត្តសញ្ញាណ ពួកគេ និង/ឬពួកយើង»។

 

 

ស្នាដៃភាគច្រើននៃកម្មវិធីរដូវវប្បធម៌សុទ្ធសឹងជាការបង្កើត និងដំណើរថ្មីក្រោមការឧបត្ថមរបស់អង្គការសិល្បៈខ្មែរអមតៈ ធ្វើយ៉ាងណាដើម្បីឲ្យទម្រង់សិល្បៈខ្មែរដែលមានស្រាប់ និងទើបបង្កើតថ្មីកាន់តែល្អប្រសើរថែមទៀត។

 

 

កម្មវិធី រដូវវប្បធម៌ ក្រោមប្រធានបទ «ការបង្ហាញអត្តសញ្ញាណ ពួកគេ និង/ឬពួកយើង» ជាការរៀបចំឡើងលើកទី២ ខណៈលើកទី១ រដូវវប្បធម៌បានរៀបចំឡើងក្រោមប្រធានបទ «ការស្វែងរកអត្តសញ្ញាណ»។

 

តាមគម្រោងនៅឆ្នាំក្រោយ អង្គការសិល្បៈខ្មែរអមតៈ ក៏នឹងរៀបចំកម្មវិធី រដូវវប្បធម៌ បន្តទៀត តែក្រោមប្រធានបទអ្វីនោះ អ្នកសម្របសម្រួលសុំមិនទាន់បញ្ជាក់នោះឡើយ គ្រាន់តែថានឹងមានការពាក់ព័ន្ធបន្តទៀតនៃប្រធានបទ២ឆ្នាំខាងលើ។

 

លោកអ្នកអាចតាមដានរបៀបវារៈកម្មវិធី ពត៌មានផ្សេងៗ និងម៉ោងនៃការសម្តែងនិមួយៗរបស់កម្មវិធីរដូវវប្បធម៌បានតាមរយៈទំព័រហ្វេសប៊ុក Cambodian Living Arts (CLA) និងគេហទំព័រ ដែលឈ្មោះថា Cambodian Living Arts (CLA)។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024