ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ ណែនាំឲ្យចាត់កម្លាំងដំឡើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងផ្លូវ ដែលលិចទឹក

១៦ តុលា ២០២០ | ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃ ស្ទើរគ្រប់ទីកន្លែង បានធ្វើឲ្យតំបន់មួយចំនួន បន្តទទួលរងជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កការលំបាក។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ត្រីជំនាញ ចាត់កម្លាំងដំឡើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំង ដែលរងការជន់លិច ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ដល់អ្នកដំណើរ។

 


ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុងនិងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរ។ 


ជាមួយគ្នានេះ ត្រូវទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់។ ក្នុងករណីមានការកាត់ផ្តាច់ផ្លូវ-ស្ពាន (ការផ្តាច់ចរាចរណ៍) ក្រសួងបញ្ជាឲ្យចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍។

 


ក្រៅពីការណែនាំនេះ ក្រសួងសាធារណការ កាលពីថ្ងៃទី១៤ ខែតុលា បានសម្រេចបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០,២០អា,២១,២១អា និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាបណ្ដោះអាសន្ន។ ក្រសួងបានបញ្ជាក់ថា ការបិទចរាចរណ៍លើកំណាត់ផ្លូវទាំងនេះ ដោយសារស្ថានភាពទឹកជំនន់បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់រថយន្តធុនធំបានទេ និងរក្សាផ្លូវ ស្ពានកុំឲ្យបាក់ស្រុត ដើម្បីធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព។

 


សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិចំនួន ១៧ខ្សែ និងផ្លូវខេត្ត-ក្រុងចំនួន ៧៣ខ្សែ ដែលមានប្រវែងសរុប២៨៣គីឡូម៉ែត្រ ក្នុង១៥ រាជធានី-ខេត្ត បានរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស គិតត្រឹមថ្ងៃទី១៤ ខែតុលា៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024