ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមចម្រៀង BTS បញ្ចេញមតិដែលធ្វើឲ្យពលរដ្ឋចិនអាក់អន់ចិត្តខ្លាំង

១៤ តុលា ២០២០ | កម្សាន្ដ

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារនេះ បាននិយាយថាពួកគេនឹងរក្សាការរឹតចំណងទំនាក់ទំនងជាមួយប្រទេសចិន ក្រោយពីក្រុមចម្រៀង BTS បានបញ្ចេញមតិជុំវិញសង្គ្រាមកូរ៉េ ដែលបានក្លាយជាប្រធានបទក្ដៅមួយលើបណ្ដាញសង្គមប្រទេសចិន។



កាលពីដើមខែតុលា មេដឹកនាំក្រុម BTS ដែលមានឈ្មោះថា RM (អ-អេម) បានថ្លែងនូវពាក្យសម្ដីដែលធ្វើឲ្យពលរដ្ឋចិនជាច្រើននាក់មានការអាក់អន់ស្រពន់ចិត្ត 
កំឡុងពេលដែលក្រុមរបស់ខ្លួនទទួលបានពានរង្វាន់សម្រាប់ការចូលរួមពង្រឹងកិច្ចទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តារាចម្រៀង RM (អ-អេម) បានរំលឹកអំពីប្រវត្តិសាស្ត្រដ៏ចុកចាប់ក្នុងសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០ ដល់ ឆ្នាំ ១៩៥៣ ដែលធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវលះបង់ជីវិត។

 

 

ដោយពេលនោះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវប្រយុទ្ធតទល់នឹងប្រទេសកូរ៉េខាងជើងដែលមានប្រទេសចិនជាជំនួយ ការបញ្ចេញមតិរបស់មេក្រុម BTS នេះបានក្លាយជាប្រធានបទក្ដៅមួយនៅលើបណ្ដាញសង្គមប្រទេសចិន។ 

 


អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃច័ន្ទ ទី១២ ខែតុលា បាននិយាយថាពួកគេបានដឹងអំពីប្រតិកម្មរបស់អ្នកប្រើប្រាស់អ៊ីនធឺណេតចិនចំពោះពាក្យសម្ដីរបស់ BTS និងបានអំពាវនាវឱ្យមានការគោរពចំពោះប្រវត្តិសាស្ត្រនិងស្នើឲ្យមានការរក្សាសន្តិភាពរវាងភាគីទាំងពីរ។

 

 

ឆ្លើយតបនឹងបញ្ហានេះដែរ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បាននិយាយថាពួកគេនឹងនៅតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ទោះបីជាផ្ទុះរឿងក្ដៅគគុកនេះក្ដី ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន​​​​​​​

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024