ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រកាសដំណើការបណ្ណបើកបរអន្តរជាតិ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ បើកបរគ្រប់ប្រទេសលើពិភពលោក

០១ តុលា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដំណើការបណ្ណបើកបរអន្តរជាតិ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរបើកបរគ្រប់ប្រទេសលើពិភពលោក។ ការប្រកាសរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការនៃប្រព័ន្ធស្វ័យប្រវត្តិកម្មស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ នៅថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល រាជធានីភ្នំពេញ។

 


បើតាមឯកឧត្តម ស៊ុន ចាន់ថុល បណ្ណបើកបរអន្តរជាតិថ្មីនេះ មានការទទួលស្គាល់ជាអន្តរជាតិ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តលើកទឹកដីបរទេសបាន គឺរហូតដល់ទៅ ៩៩ប្រទេសលើពិភពលោក ក្នុងនោះរួមមានទាំងនៅសហរដ្ឋអាមេរិកផងដែរ។


ការប្រកាសដាក់ឲ្យប្រើប្រាស់បណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ ធ្វើឡើងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ។

 


ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងបើកបរនៅក្រៅប្រទេស អាចយកបណ្ណបើកបររបស់ខ្លួនដែលមានស្រាប់ ទៅស្នើសុំយកបណ្ណបើកបរអន្តរជាតិ ក្នុងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន ដោយមិនចាំបាច់មានការប្រឡងបន្ថែមទៀតនោះទេ ហើយការប្តូរនេះគឺក្នុងតម្លៃសេវា ២៥ម៉ឺនរៀល ដែលជាតម្លៃមធ្យមមួយបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។

 


សូមជម្រាបថា តាមបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធាណការ ចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែសីហា ឆ្នាំ២០២០ យានយន្ដដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួនសរុបជាង៥,៧លានគ្រឿង ក្នុងនោះ ម៉ូតូជាង ៤,៨លានគ្រឿង, រថយន្ដធុនស្រាលជិត ៦០ម៉ឺន និងរថយន្ដធុនធ្ងន់ជាង ២៥ម៉ឺនគ្រឿង។ ជាមួយគ្នានេះ នាយកដ្ឋានបានផ្ដល់បណ្ណបើកបរយានយន្ដសរុបបានចំនួនជាង ១,៧លានបណ្ណ៕ 

អត្ថបទ៖ អឿន ភារ៉ា        រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024