ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នកដែលឆ្លងជំងឺខូវីដ១៩សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង៣១,៧លាននាក់

២៣ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

គិតត្រឹមល្ងាចថ្ងៃពុធនេះ អ្នកឆ្លងជំងឺខូវីដ១៩នៅលើពិភពលោកកើនដល់ជាង៣១លាន ៧សែននាក់(31,788,085)។ ចំណែកអ្នកស្លាប់កើនដល់ជាង៩៧ម៉ឺន ៥ពាន់នាក់(975,551)។ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតី
រុស្ស៊ីបានអំពាវនាវឲ្យមានការពង្រឹងសមត្ថភាពអង្គការសុខភាពពិភពលោក និងសហការគ្នានៅក្នុងការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជំងឺខូវីដ១៩។

 

 

ថ្ងៃនេះ ក្រសួងសុខាភិបាលថៃរកឃើញអ្នកឆ្លងជំងឺខូវីដ១៩ចំនួនបីនាក់ ដែលសុទ្ធតែជាករណីនាំចូល។ ដូចនេះចំនួនអ្នកឆ្លងសរុបកើនដល់៣៥១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ, ២នាក់ទើបតែធ្វើដំណើរពីប្រទេសជប៉ុន និងម្នាក់ទៀតជានិស្សិត ដែលទើបតែធ្វើដំណើរពីប្រទេសបារាំង។

 

 

នៅវៀតណាម មិនមានអ្នកឆ្លងថ្មី ឬអ្នកស្លាប់ទេនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ដូចនេះ ចំនួនអ្នកឆ្លងសរុបនៅរក្សាតួលេខ១០៦៨នាក់ រីឯអ្នកស្លាប់នៅរក្សាតួលេខ៣៥នាក់ដដែល។

 

 

 


នៅហ្វ៊ីលីពីន ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី១៥៩៩នាក់ និងស្លាប់៥០នាក់។ ដូចនេះចំនួនអ្នកឆ្លងសរុបកើនដល់ជាង២៩ម៉ឺននាក់ និងស្លាប់ជាង៥ពាន់នាក់ ដែលធ្វើឲ្យប្រទេសនេះនៅតែបន្តគ្រប់គ្រងតំណែងលេខ១នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រធានាធិបតីហ្វ៊ីលីពីនអំពាវនាវឲ្យមានការចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺខូវីដ១៩សម្រាប់មនុស្សគ្រប់គ្នាទូទាំងពិភពលោក។

 

 

នៅរដ្ឋវីកថូរៀ ប្រទេសអូស្ត្រាលី ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី១៥នាក់ និងស្លាប់៥នាក់។ អស់រយៈពេល២អាទិត្យកន្លងមកហើយនៅទីក្រុងមែលប៊ន, អត្រាឆ្លងប្រចាំថ្ងៃបានថយចុះមកនៅក្រោម៣០នាក់គិតជាមធ្យម។ បើរបៀបនេះតទៅទៀត, អាជ្ញាធរនឹងបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ។ ជាពិសេស បើអត្រាឆ្លងប្រចាំថ្ងៃនៅតែទាបរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។

 

 

 

 

 

 

នៅសហរដ្ឋអាមេរិក, ចំនួនអ្នកឆ្លងជំងឺខូវីដ១៩សរុបកើនដល់ជាង៧លាន ៩ម៉ឺននាក់ (7,098,291), ចំណែកអ្នកស្លាប់កើនដល់ជាង២០ម៉ឺន ៥ពាន់នាក់ (205,478)។ ជាថ្មីម្ដងទៀត, លោកត្រាំនៅតែទម្លាក់កំហុសលើរដ្ឋាភិបាលចិនដដែល ពាក់ព័ន្ធនឹងការឆ្លងរាលដាលនេះ។ លោកយល់ថាអង្គការសហប្រជាជាតិគួរតែឲ្យប្រទេសចិនទទួលខុសត្រូវនៅក្នុងរឿងនេះ។ ត្រាំថាកំហុសឆ្គងដ៏ធំបំផុត គឺរដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោកអះអាងថាជំងឺនេះមិនឆ្លងពីមនុស្សទៅមនុស្សទេ។

 

 

នៅតំបន់អឺរ៉ុបខាងលិច ប្រទេសខ្លះចាប់ផ្ដើមមើលឃើញកំណើននៃការឆ្លងប្រចាំថ្ងៃឡើងវិញ។ ឧទាហរណ៍ អ៊ីតាលីរកឃើញអ្នកឆ្លងលើសពី១ពាន់នាក់ អស់រយៈពេល២០ថ្ងៃជាប់គ្នា។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងថាលោកមិនចង់រឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋណាម្នាក់ទេ។

 

ប៉ុន្តែពួកគេគួរណាស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការបិទប្រទេសជាលើកទីពីរ។ ២សប្ដាហ៍ក្រោយពេលដែលលោកជំរុញឲ្យពលរដ្ឋចាប់ផ្ដើមវិលត្រឡប់ទៅកន្លែងធ្វើការវិញ, លោកចនសឹនបានជូនយោបល់ឲ្យបុគ្គលិកដែលធ្វើការនៅក្នុងការិយាល័យគួរតែធ្វើការពីផ្ទះវិញ ប្រសិនបើអាចធ្វើបាន៕

 

 

 

 

 


ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024