ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

UN៖ ទោះ​ក្នុង​តម្លៃ​ណាក៍ដោយ ប្រទេសទាំងអស់ត្រូវ​ទប់ស្កាត់ការវិលត្រឡប់មក​វិញនៃ​សង្គ្រាម​ត្រជាក់

២៣ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោកហ្គូតេរ៉េ បានឡើងថ្លែងនៅក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៥ឆ្នាំ ដោយអំពាវនាវឲ្យភាគី​ជម្លោះប្រដាប់អាវុធនៅទូទាំងពិភពលោក​ផ្អាកប្រយុទ្ធគ្នាជាបណ្ដោះ​អាសន្ន រហូតដល់ចុងឆ្នាំ២០២០ ដើម្បីឲ្យរដ្ឋាភិបាល​នៃប្រទេសទាំងនោះ​រួមកម្លាំងគ្នាប្រយុទ្ធនឹងជំងឺ ខូវីដ១៩ ឲ្យបានចប់សព្វគ្រប់សិន។ ប៉ុន្តែទន្ទឹម​នឹងនោះ លោកយល់ថាប្រទេសទាំង​អស់ក៏ត្រូវតែខិតខំ​ឲ្យអស់ពីសមត្ថភាព​ដើម្បីទប់ស្កាត់ការវិលត្រឡប់​មកវិញនៃសង្គ្រាមត្រជាក់​ផងដែរ​។

 

 

លោក ហ្គូតេរ៉េ ព្រមានថា​ពិភពលោកកំពុងតែខិតទៅ​រកទិសដៅដ៏គ្រោះថ្នាក់បំផុត ស្របពេលដែលមានភាព​តានតឹងកាន់តែខ្លាំងរវាងប្រទេសមហាអំណាច២ គឺប្រទេសចិន និងសហរដ្ឋអាមេរិក។ ពិភពលោកនេះពិតជាមិនអាចមានអនាគតច្បាស់លាស់បានទេ នៅពេលដែលប្រទេស​មហាអំណាចសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកទាំង២ ចិន និងសហរដ្ឋអាមេរិក ពុះច្រៀកពិភព​លោកឲ្យឃ្លាត​ឆ្ងាយពីគ្នា។

 

 

ក្នុងនោះ ប្រទេសនីមួយៗប្រកាន់​យកគោលការណ៍ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាឯកតោភាគី និងអ៊ីនធឺណិត និងបញ្ញាសិប្បិនិម្មិត អេអាយ (AI)​។ លោកយល់ថា​ទំនាស់ខាងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្ម វាជាហានិភ័យនៃ​ការរំកិលខ្លួនឆ្ពោះទៅរកទំនាស់​ខាងភូមិសាស្ត្រ និងយោធាដោយជៀស​មិនរួច។ ដូចនេះ យើងត្រូវតែ​ជៀសវាង មិនឲ្យកើតមានបញ្ហានេះ​ជាដាច់ខាត ទោះជាក្នុងតម្លៃណា​ក៏ដោយ៕

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024