ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ចំរ៉ុង ហ៉្សានុ៖ Tour Music បង្កើតឡើងដើម្បីលើកស្ទួយវិស័យចម្រៀង និងតំបន់ទេសចរណ៍ក្នុងស្រុក

២៣ កញ្ញា ២០២០ | កម្សាន្ដ

ហេតុតែចិត្តស្រលាញ់វិស័យចម្រៀង ហើយចង់ចូលរួមលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុកផងនោះ តារាចម្រៀងឯករាជ្យ ចំរ៉ុង ហ៉្សានុ ផ្តើមផលិត Tour Music ជុំវិញប្រទេសកម្ពុជា។

 

 

 

 

បន្ទាប់ពីឈ្មុសឈ្មុលលើវិស័យចម្រៀងរយៈពេលជាច្រើនឆ្នាំ ម្ចាស់បទ «ចាំ» លោក ចំរ៉ុង ហ៉្សានុ បានបង្កើតកម្មវិធី Tour Music មួយឡើង ក្នុងគោលបំណងលើកស្ទួយវិស័យចម្រៀង និងផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក។

 


តាមការបញ្ជាក់របស់តារាចម្រៀង ចំរ៉ុង ហ៉្សានុ Tour Music ទើបផលិតឡើងប្រមាណជាង១ខែប៉ុណ្ណោះ ហើយរហូតមកទល់បច្ចុប្បន្នចម្រៀងដែល Tour Music បានបញ្ចេញលើទីផ្សារទើបមានប៉ុន្មានបទប៉ុណ្ណោះ តែក៏នៅមានច្រើនទៀតដែលនឹងចេញបន្តបន្ទាប់គ្នាក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។

 


ចម្រៀងដែលបាននិងកំពុងផលិតហើយគ្រោងបញ្ចេញលើ ឆានែល និងទំព័រហ្វេសប៊ុកឈ្មោះ @Tour_Music មានទាំងបទ Original Songs និងបទចម្រៀង Cover បែប Acoustic។

 

 

 


ហ្ស៉ានុ បញ្ជាក់បន្ថែមថា Tour Music កើតឡើងពីការស្រលាញ់ចូលចិត្តវិស័យចម្រៀងតាំងពីយូរមកហើយរបស់លោក និងសមាជិកផ្សេងទៀតដែលជួយគ្នាបង្កើតកម្មវិធីនេះ។ បច្ចុប្បន្ន Tour Music បានធ្វើឡើងនូវខេត្តចំនួន២ហើយក្នុងប្រទេសកម្ពុជា គឺខេត្ត កំពង់ធំ និងខេត្តកំពង់ចាម ហើយនឹងបន្តទៅខេត្តផ្សេងៗទៀតនាពេលខាងមុខ។

 


ដោយឡែក សម្រាប់ការចំណាយទាំងអស់របស់ Tour Music សព្វថ្ងៃ គឺជាបន្ទុកផ្ទាល់របស់តារាចម្រៀង ចំរ៉ុង ហ្ស៉ានុ និងអ្នកចូលរួមបង្កើតកម្មវិធីនេះ។


ឆ្លៀតឱកាសនេះ ចំរ៉ុង ហ្ស៉ានុ ថា ខ្លួននិងសមាជិកក្រុមពិតជារីករាយ ប្រសិនក្រោយការផ្សព្វផ្សាយរបស់ភីអិនអិនហើយមានបណ្តាក្រុមហ៊ុនចាប់អារម្មណ៍ ហើយចង់ចូលរួមសហការឧបត្ថមលើ Tour Music នេះ។


ទស្សនិកជនអាចចូលរួមទស្សនា Tour Music ដែលបង្កើតឡើងដោយតារាចម្រៀងនិយមស្ទីលសក់ប្រ៉ះករូបនេះបាន តាមរយៈ ឆានែល និងទំព័រហ្វេសប៊ុកឈ្មោះ @Tour_Music។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024