ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ឥទ្ធិពលព្យុះនូល សម្លាប់មនុស្សជាង ១០នាក់ និងលិចផ្ទះជាង ១៨០០ ខ្នង នៅកម្ពុជា

២៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

ឥទ្ធិពលព្យុះនូល ដែលបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា កន្លងទៅ ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងជាបឋមអំពីផលប៉ះពាល់ជាមហន្តរាយ លើអាយុជីវិត ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំផ្សេងៗ។ របាយការណ៍ ឲ្យដឹងថា យ៉ាងហោចមានមនុស្សចំនួន ១១នាក់ បានស្លាប់ និងបាត់ខ្លួនម្នាក់ ខណៈផ្ទះសម្បែងជាង ១៨០០ខ្នង ត្រូវបានជន់លិច។

 


បើតាមរបាយការណ៍ បូកសរុប និងចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យ៉ាងហោចណាស់មានខេត្តចំនួន៨នៅកម្ពុជា បានរងគ្រោះដោយសារមហន្តរាយជំនន់ទឹកភ្លៀងបង្កឡើងដោយឥទ្ធិពលព្យុះនូល ក្នុងនោះរួមមាន ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត កែប និងពោធិ៍សាត់។ 

ខេត្តព្រះសីហនុបានឈើជាខេត្តទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដ្បិតបើតាមរបាយការណ៍ មានផ្ទះសម្បែងក្នុងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ប្រមាណ១,៧០១ខ្នងត្រូវបានទឹកជន់លិច ផ្លូវ៣កន្លែងស្មើនឹង៤០០ម៉ែត្រ, ផ្លូវលំ៩កន្លែង ស្មើនឹង៣,៤៧០ម៉ែត្រ ក៏ត្រូវបានទឹកលិច និងហូរកាត់ ខណៈពលរដ្ឋ២នាក់ ក្នុងនោះមានម្នាក់ជាកុមារ បានស្លាប់ដោយសារលង់ទឹក។

 


នៅមិនឆ្ងាយប៉ុន្មានពីខេត្តព្រះសីហនុ គឺផ្លូវ៣ភូមិក្នុងស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ត្រូវបានជន់លិចដោយអំណាចទឹកភ្លៀងដ៏សន្ធឹក ធ្វើឲ្យប៉ះពាល់ពលរដ្ឋ១៨គ្រួសារ។ បើតាមអាជ្ញាធរ នៅកោះកុងនោះ មានបុរសម្នាក់ជាប្រជានេសាទបានស្លាប់ដោយសារលិចទូកពេលមានខ្យល់ខ្លាំង នៅភូមិចំការលើ ឃុំថ្មស ស្រុកបទុមសាគរ។ 

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានរាប់បញ្ចូលការស្លាប់ពលរដ្ឋ៨នាក់ និងរបួស៣នាក់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបងទៅក្នុងបញ្ជីគ្រោះមហន្តរាយបង្កឡើងដោយខ្យល់ព្យុះទី១១នេះដែរ។

 


ដោយឡែកនៅខេត្តឧត្តមានជ័យឯណោះវិះ មានផ្ទះសម្បែងចំនួន៩៣ខ្នង និងផ្លូវប្រវែង៦,៨៣៩ម៉ែត្រ ត្រូវបានជន់លិច ហើយឥទ្ធិពលទឹកភ្លៀងនៃព្យុះនូលដដែលនេះក៏បានធ្វើឲ្យស្រែចម្ការ២១០ហិចតា និងដំឡូងមី៥៩ហិចតានៅខេត្តមួយនេះរងផលប៉ះពាល់ដែរ ខណៈខេត្តប៉ៃលិន មានផ្ទះសម្បែងពលរដ្ឋ៣១គ្រួសារត្រូវបានជនលិចជាមួយផ្លូវ១៨៥ម៉ែត្រ ដំណាំរួមផ្សំ៤៤ហិចតា និងមានមនុស្សម្នាក់បានបាត់ខ្លួន។  

នៅខេត្តកំពត គណៈកម្មាធិការបានទទួលរបាយការណ៍មកថាមានផ្ទះសម្បែងចំនួន២២ខ្នងស្ថិតនៅឃុំចំនួន៤ នៃស្រុកកំពង់ត្រាច និងស្រុកទឹកឈូរ ត្រូវបានខូចខាតទាំងស្រង់ ក្នុងគ្រាដែលផ្ទះសម្បែងពលរដ្ឋក្នុងស្រុកដំណាក់ចង្អើរ នៃខេត្តកែបក៏ត្រូវខូចខាតចំនួន១៦ខ្នង។

 


ចំណែកនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប៉ះពាល់ដល់ស្រុកវាលវែងចំនួន៤ឃុំ ទឹកហូរដាច់ផ្លូវចំនួន៦កន្លែង លិចផ្លូវចំនួន៦០ម៉ែត្រ និងផ្លូវលំចំនួន២០០ម៉ែត្រ។ នេះបើតាមរបាយការណ៍ដដែល។

សូមបញ្ជាក់ថារបាយការណ៍សរុបនៃតួលេខប៉ះពាល់ និងខូចខាតបង្កដោយព្យុះនូលទូទាំងប្រទេស បានបង្ហាញថា ឥទ្ធិពលព្យុះនេះ បានបណ្តាលឲ្យជន់លិចផ្ទះសម្បែងសរុប១៨២៥ខ្នង ក្នុងនោះខូចខាតផ្ទះចំនួន៥៦ខ្នង ស្រូវចំនួន២១០ហិចតា ដំឡូងមីចំនួន៥៨ហិចតា ដំណាំគួបផ្សំចំនួន៤៤ហិចតា ស្លាប់មនុស្សចំនួន១១នាក់ និងបាត់ខ្លួនម្នាក់៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024