ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន និង USAID បើកយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម

២៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្ដរជាតិ ហៅកាត់ថា USAID បានបើកយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម។ យុទ្ធនាការនេះ ធ្វើឡើង ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ ក៏ដូចជា ការចូលរួមក្នុងការថែរក្សាសម្បត្តិធម្មជាតិ។

 


ក្នុងពិធីបើកយុទ្ធនាការការពារព្រៃឡង់ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ នៅទីស្តីការក្រសួងបរិស្ថាន លោកស្រី  វីណា រេដឌី នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា លើកឡើងថា យុទ្ធនាការនេះគឺបង្ហាញពីភាពជាដៃគូរបស់ទីភ្នាក់ងារជំនួយអាមេរិក នៅក្នុងវិស័យបរិស្ថាននៅកម្ពុជា ក៏ដូចជាការបន្តប្ដេជ្ញាចិត្ត ក្នុងការអភិរក្សជីវៈចម្រុះដ៏មានសារសំខាន់នៅកម្ពុជា។ 

 


លោកស្រីសង្ឃឹមថា យុទ្ធនាការនេះនឹងមានការចូលរួមជាច្រើនពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ដើម្បីលើកកម្ពស់ការយល់ដឹង និងជួយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ចូលរួមការពារសម្បត្តិធម្មជាតិ។


ជាមួយគ្នានេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យុទ្ធនាការនេះ នឹងធ្វើឡើងដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមក្នុងការផ្សព្វផ្សាយពីសម្រស់ ក៏ដូចជាមុខងារ និងតម្លៃរបស់ប្រព័ន្ធអេកូឡេស៊ី និងបង្ហាញពីការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ផងដែរ។

 


ឯកឧត្តមបានលើកឡើងដែរថា ក្រៅពីយុទ្ធនាការដើម្បីជំរុញការផ្សព្វផ្សាយនេះ ក្រសួងបរិស្ថានក៏មានមន្ត្រីឧទ្យានុរក្សប្រចាំការ នៅតំបន់ការពារទាំងនោះផងដែរ ដើម្បីធានាប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។


សូមបញ្ជាក់ថា យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ខណៈតំណាងរបស់ខ្លួននៅកម្ពុជាបានចាត់ទុកថា កម្ពុជា គឺជាប្រទេសមួយដែលសំបូរទៅដោយព្រៃឈើ រុក្ខជាតិ និងសត្វព្រៃជាច្រើនប្រភេទ។ 

 


តំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញលាតសន្ធឹងលើផ្ទៃដីប្រមាណ ៣,៣ លានហិកតា គ្របដណ្ដប់លើខេត្តចំនួន ៤រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ មកដល់ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន ៦៦កន្លែង ដែលមានផ្ទៃដីសរុបជាង ៧លានហិកតា ស្មើនឹងជាង ៤០ភាគរយនៃផ្ទៃប្រទេស៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024