ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ដូណាល់ ត្រាំ ទំនងនឹងអាចបើកផ្លូវ សម្រាប់ក្រុមហ៊ុនចិន Tik Tok

២៣ កញ្ញា ២០២០ | សេដ្ឋកិច្ច

បន្ទាប់ពីមានបញ្ហារកាំរកូស រវាង ថ្នាក់ដឹកនាំអាមេរិក និងក្រុមហ៊ុនបណ្តាញសង្គមចិន Tik Tok ដែលគ្រោងនឹងចូលមកវិនិយោគនៅក្នុង សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងទិញលក់កម្មវិធី Tik Tok មានជម្រើសច្រើនណាស់ ដែលអាចបន្តទៅបានយ៉ាងឆាប់រហ័ស ដែលជាការបើកផ្លូវមួយ សម្រាប់ក្រុមហ៊ុនចិន ក៏ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសហាមឃាត់ ការប្រើប្រាស់កម្មវិធី Tik Tok និង WeChat របស់ចិន មុននេះបន្តិចប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។


លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រដល់ ការជជែកអំពីកិច្ចព្រមព្រៀងទិញលក់ កម្មវិធី Tik Tok រវាងក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Tik Tok និងក្រុមហ៊ុនអាមេរិកចំនួន ៣ រួមមានក្រុមហ៊ុន Microsoft, Oracle និង Walmart ដែលគ្រោងនឹងចរចារបង្កើតក្រុមហ៊ុនថ្មីឈ្មោះថា Tik Tok Global ដែលពុំមានជនជាតិចិន គ្រប់គ្រងផ្តាច់មុខនោះទេ។


លោក បន្តថា ក្រុមហ៊ុនដ៏ល្បីល្បាញទាំងអស់នោះ គួរតែរួមបញ្ចូលគ្នា ដែលជាជម្រើសល្អបំផុត សម្រាប់ទាំងអស់គ្នា ជាពិសេសការចរចារវាង ក្រុមហ៊ុន Oracle និងក្រុមហ៊ុន ByteDance ដែលរំពឹងនឹងអាចបញ្ចប់ឆាប់ៗនេះ។


កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ក៏បានដាក់ចេញនូវបញ្ជា ហាមឃាត់ប្រជាពលរដ្ឋអាមេរិក ក្នុងការទាញយក និងប្រើប្រាស់កម្មវិធី WeChat និង Tik Tok របស់ប្រទេសចិនផងដែរ ដោយសំអាងលើ ការការពារសុវត្ថិភាពទិន្នន័យ និងហានិភ័យប៉ះពាល់ដល់ សុវត្ថិភាពជាតិ។


ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានប្រកាសដែរថា ចិន ស្នើឲ្យ ថ្នាក់ដឹកនាំអាមេរិក ផ្តល់បរិយាកាសយុត្តិធម៌ សម្រាប់ក្រុមហ៊ុនបរទេស ដែលចូលទៅវិនិយោគក្នុងប្រទេសរបស់ខ្លួន ហើយអាមេរិក គួរតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ និងបើកទូលាយនូវ បរិយាកាសវិនិយោគ ដោយគ្មានការរើសអើងចំពោះក្រុមហ៊ុនបរទេស ដែលកំពុងដំណើរការ និងវិនិយោគក្នុងប្រទេសអាមេរិក។


គួរជម្រាបដែរថា លោក ដូណាល់ ត្រាំ គាំទ្រដល់ ការវិនិយោគរបស់ក្រុមហ៊ុន ByteDance នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែ ក្រុមហ៊ុនអាមេរិក ជាអ្នកកាន់កាប់ចំណែកសេវាកម្មរបស់ កម្មវិធី Tik Tok មិនមែនក្រុមហ៊ុនចិន ជាអ្នកគ្រប់គ្រងលើសេវាកម្មនោះទេ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024