ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នឹងធ្លាក់ចុះលើកដំបូង ជាប្រវត្តិសាស្រ្ត

២៣ កញ្ញា ២០២០ | សេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា អាចនឹងធ្លាក់ចុះ ០.៧% ជាលើកដំបូងក្នុងជាប្រវត្តិសាស្រ្ត មិនធ្លាប់កើតមានតាំងពីឆ្នាំ ១៩៦០មកម្ល៉េះ ហើយទិន្នផលនៅក្នុងឆ្នាំ ២០២១ខាងមុខ ក៏ស្ថិតនៅក្នុងកម្រិតមួយទាបជាងការរំពឹងទុក បើទោះបីជាយើងមើលឃើញថា សេដ្ឋកិច្ចបច្ចុប្បន្ន មានកំណើនលូតលាស់បន្តិចក្តី។


ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់ តំបន់អាស៊ី នឹងធ្លាក់ចុះ ០.៧% ក្នុងឆ្នាំ ២០២០នេះ ផ្ទុយពីការព្យាករណ៍កាលពីខែមិថុនា កន្លងទៅដែលរំពឹងទទួលបានកំណើន ០.១%។


លោក បន្តថា ការគំរាមកំហែងដល់ សេដ្ឋកិច្ច ដោយសារតែវិបត្តិមេរោគកូវីដ១៩ គឺនៅតែមានឥទ្ធិពលខ្លាំងក្លា ដោយក្នុងនោះ រលកទី ១ កាន់តែរីករាលដាលយ៉ាងធំធេង ហើយហានិភ័យនៃការផ្ទុះឡើងវិញនូវ រលកទី ២ បានធ្វើឲ្យ ប្រទេសជាច្រើនបន្តវិធានការបិទទ្វារ ទប់ស្កាត់ការឆ្លងជម្ងឺនេះ។


លើសពីនេះ វិបត្តិដែលកំពុងកើតមានក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ គឺកាន់តែធំជាង វិបត្តិផ្សេងៗទាំងអស់ ដោយ សេដ្ឋកិច្ចបានធ្លាក់ចុះអស់ ៣ត្រីមាសទៅហើយ ក្នុងឆ្នាំនេះ។


បើទោះបីជា យ៉ាងណាក៏ដោយ ប្រទេសចិន ដើរខុសពី និន្នាការនេះ ដោយ សេដ្ឋកិច្ចចិន អាចនឹងកើនឡើង ១.៨% ក្នុងឆ្នាំ ២០២០នេះ អាស្រ័យទៅលើ ភាពជោគជ័យនៃវិធានការសុខភាពសាធារណៈ របស់ថ្នាក់ដឹកនាំ ហើយនៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចចិន អាចនឹងកើនឡើង ៧.៧% ឯណោះ។

 

ធនាគារ ADB ក៏បានបន្ថែមទៀតថា នៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ មិនរាប់បញ្ចូលប្រទេសជឿនលឿន អាចនឹងកើនឡើងវិញ ៦.៨% ពីព្រោះវាជាការប្រៀបធៀបទៅនឹង ឆ្នាំ ២០២០ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដូច្នេះហើយ វាសបញ្ជាក់ថា កំណើនលូតលាស់ឡើងវិញ គ្រាន់តែមួយផ្នែកប៉ុណ្ណោះ មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។

 


ជាចុងក្រោយ ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មសកលរវាង អាមេរិក និងចិន គួបផ្សំនឹងជម្លោះផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុផងនោះ បានដាក់សម្ពាធដល់ ការលូតលាស់ក្នុងតំបន់អាស៊ីដែរ ហើយគោលនយោបាយនានា ការពារដល់ ជីវភាពប្រជាពលរដ្ឋ និងអាជីវកម្មរបស់ពួកគេ ពិតជាសំខាន់ណាស់នៅពេលនេះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024