ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ សម្រុកលើ កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប

២២ កញ្ញា ២០២០ | សេដ្ឋកិច្ច

ថៃ បាននឹងសម្រុកលើកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប បើតាមនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានប្រកាសស្តែងៗថា នឹងបញ្ចប់ការសិក្សាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹង សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងបន្តបញ្ជូនរបាយការណ៍ទៅកាន់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ ដើម្បីពិចារណា នៅក្នុងខែកញ្ញានេះ ឬដើមខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។


លោកស្រី អ៊ូ រ៉ាម៉ុន ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ នឹងបើកវេទិកាមួយ ទាក់ទងនឹង គម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ថៃ និងសហភាពអឺរ៉ុបនេះ ដើម្បីស្តាប់យោបល់ពី វិស័យឯកជន សង្គមស៊ីវិល និងកសិករ ដោយវេទិកានេះ អាចនឹងធ្វើឡើងមុនដំណាច់ខែកញ្ញានេះ។
លោកស្រី អ៊ូ រ៉ាម៉ុន បន្តថា យោបល់ ដែលលើកឡើងក្នុងវេទិកា គួបផ្សំនឹង ការសិក្សាបញ្ចប់ នឹងត្រូវរៀបចំជា សំណើ ដាក់ជូនដល់ រដ្ឋមន្រ្តី្កក្រសួងពាណិជ្ជកម្មថៃ នៅចុងខែកញ្ញានេះ យ៉ាងយូរបំផុត ត្រឹមដើមខែតុលា។


វិស័យឯកជនថៃ បានបង្ហាញពីការគំាទ្រដល់ កិច្ចព្រមព្រៀងនេះ ដោយអះអាងថា បើសិនជាគ្មានកិច្ចព្រមព្រៀងនេះទេ ថៃ នឹងបាត់បង់ សមត្ថភាពប្រកួតប្រជែងជាច្រើន បើធៀបទៅនឹងបណ្តាប្រទេសដទៃ។


រម្លឹកបន្តិចកាលពីឆ្នាំ ២០១៩កន្លងទៅ ថៃ និងសហភាពអឺរ៉ុប សម្រេចបាននូវ ទំហំពាណិជ្ជកម្មទ្វេភាគីជាង ៤៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់ថៃ ហើយសហភាពអឺរ៉ុប ក៏ជាដៃគូវិនិយោគធំជាងគេលំដាប់ទី ៥ របស់ប្រទេសថៃ។


សូមជម្រាបដែរថា មុខទំនិញសំខាន់ៗនាំចេញពីប្រទេសថៃ ទៅកាន់ទីផ្សារអឺរ៉ុប រួមមាន កុំព្យូទ័រ និងគ្រឿងបង្គុំ យានយន្ត គ្រឿងអលង្ការ ផលិផលកៅស៊ូ និងសាច់មាន់ជាដើម ហើយថៃ នាំចូលមកវិញនូវ គ្រឿងម៉ាស៊ីនធំៗ គ្រឿងអេឡិចត្រូនិក និង ធាតុផ្សំគីមីជាច្រើន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024