ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វិស័យដឹកជញ្ជូនទំនិញនឹងមានភាពល្អប្រសើរកាន់តែច្រើនបន្ទាប់ពីមានការបើកច្រកព្រំដែនបន្ថែម  

២២ កញ្ញា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា វិស័យសេវាកម្មដឹងជញ្ជូនទំនិញនៅកម្ពុជានឹងមានភាពល្អប្រសើរកាន់តែច្រើនជាងនេះទៀតបន្ទាប់ពីមានការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយនឹងប្រទេសជិតខាង។ជាក់ស្តែងគម្រោងបើកច្រកព្រំដែនរវាងកម្ពុជា និងថៃជាកម្លាំងចលករដ៏សំខាន់មួយក្នុងការពន្លឿនការដឹកជញ្ជូនទំនិញកាន់តែប្រសើរ និងមិនធ្វើឲ្យមានទំនិញកកស្ទះនៅតាមច្រកព្រំដែនទៀតនោះទេ។

 

លោក ស៊ិន ចន្ធី ប្រធានសមាគម ភស្តុភាកម្មកម្ពុជាបានប្រាប់ភីអិនអិន នៅថ្ងៃនេះថា ច្រកព្រំដែនថ្មីដែលរដ្ឋាភិបាលបានធ្វើការតភ្ជាប់ជាមួយប្រទេសថៃរួចហើយ គឺច្រកស្ទឹងបត់ ដែលរំពឹងថា ច្រកមួយនេះនឹងអាចបញ្ចៀសបាននូវការកកស្ទះទំនិញនៅតាមច្រកប៉ោយប៉ែតបានមួយកម្រិតធំ។


លោកបន្ថែមថា ថ្មីៗនេះក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានចរចារជាមួយប្រទេសថៃក្នុងការបើកឲ្យផលិតផលខ្មែរដូចជាដំឡូងមី អាចដឹកតាមច្រកព្រំ និង ច្រកបឹងត្រកួនឆ្ពោះទៅកំពង់ផែឡាំច្បាង ដើម្បីនាំចេញបានទៅកាន់ប្រទេសថៃ ឬប្រទេសទី៣ មានប្រទេសចិន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

 


យ៉ាងណាក៏ដោយចុះថ្មីៗនេះបើតាមលោក ស៊ិន ចន្ធី សកម្មភាពដឹកជញ្ជូន ទំនិញ នៅកម្ពុជាចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញបន្តិតហើយ បើទោះបីទំនិញកម្ពុជាមិនសូវជាមានការនាំចេញទៅអាមេរិក និងអឺរ៉ុបច្រើនក៏ដោយចុះ សកម្មភាពដឹកជញ្ជូនទំនិញក្នុងតំបន់គឺមានភាពល្អប្រសើរឡើង ដោយបានកើនវិញ ២០ភាគរយ បើធៀបនឹងកាលពីខែ៥ ខែ៦ កន្លងទៅ។

 


លោកស៊ិន ចន្ធីអះអាងបន្តទៀតថា ដើម្បីជាការសម្រួលឲ្យកាន់តែល្អប្រសើរសម្រាប់ជំរុញដល់ការដឹកជញ្ជូនទៀតនោះគឺការបើកឲ្យដំណើរការច្រកនៅតាមព្រំដែនជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម ពិសេសច្រកព្រំដែនរវាកម្ពុជា និងថៃ គឺច្រកស្ទឹងបត់ ខណៈបច្ចុប្បន្នទំនិញដឹកទៅកាន់ប្រទេសថៃ ឬទៅប្រទេសទី៣ដោយឆ្លងកាត់តាមច្រកប៉ោយប៉ែតភាគច្រើនត្រូវជួបបញ្ហាកកស្ទះខ្លាំង និង មួយទៀតគឺច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមគឺច្រកព្រៃវល្ល៍ ក៏ជួបបញ្ហាកកស្ទះទំនិញដែរ តែកំពុងត្រូវបានដោះស្រាយ៕

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024