ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

លើកដំបូង ចាន់ តារាទី បង្ហាញពីជីវិតពុះពារការលំបាកក្នុងនាមជាស្រ្តីមេម៉ាយចិញ្ចឹមកូន ៣នាក់ 

២១ កញ្ញា ២០២០ | កម្សាន្ដ

មានឈ្មោះជាស្រ្តីមេម៉ាយ តែអ្នកស្រី ចាន់ តារាទី តស៊ូចិញ្ចឹមកូនទាំង៣ បានយ៉ាងល្អ រហូតមានការងារប្រសើរឡើង ទោះបីជាជីវិតជួបនូវការលំបាកអ្នកស្រីមិនដែលត្អូញត្អែរឡើយ ។ 


តារាសម្តែងជើងចាស់ អ្នកស្រី ចាន់ តារាទី មិនធ្លាប់បានបង្ហាញពីជីវិតជាស្រ្តីមេម៉ាយដែលបានតស៊ូចិញ្ចឹមកូនទាំង ៣ នាក់ឱ្យទស្សនិកជនបានដឹងឡើយ ទើបតែថ្មីៗនេះអ្នកស្រីបានបង្ហាញពីជីវិតដែលខ្លួនបានជួបប្រទះក្នុងនាមជាស្រ្តីមេម៉ាយចិញ្ចឹមកូនរហូតបានបញ្ចប់ការសិក្សា និងមានការងារល្អធ្វើ ក្នុងសង្គម ។ 


ថ្វីត្បិតតែពេលនេះអ្នកស្រី ចាន់ តារាទី មិនអាចឈរក្នុងតំណែងជាតួឯកក្មេងដូចពីមុន តែអ្នកស្រីនៅតែមានឱកាសត្រូវបានផលិតកម្មជាច្រើនហៅថតរឿងជាបន្តបន្ទាប់ក្នុងតំណែងជាតួម្តាយ ឬ តួ យាយ ដែលមានភាពស៊ីវីឡែយបំផុត ។

 

 

ជួបជាមួយអ្នកស្រី ចាន់ តារាទី ក្នុងកម្មវិធីប្រកួត Miss Grand Cambodia កាលពីពេលថ្មីៗនេះ អ្នកស្រី ចាន់ តារាទី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដូចជានារីស្រុកស្រែ មើលទៅពិតជាទាក់ទាញខ្លាំងណាស់ អ្នកស្រី បានប្រាប់ថា  អ្នកស្រីត្រូវបានគេជ្រើសរើសឱ្យធ្វើជាគណកម្មការផ្តល់ពិន្ទុដល់បេក្ខនារី Miss Grand Cambodia អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានឱកាសពិសេសបែបនេះ វាជាបទពិសោធថ្មីមួយទៀតក្នុងជីវិត ។

 


ទស្សនិកជនធ្លាប់តែឃើញតារាសម្តែងជើងចាស់ ចាន់ តារាទី បង្ហាញភាពរីករាយជាមួយការងារ តែនៅពីក្រោយឆាកវិញ ជីវិតអ្នកស្រីជួបរឿងរ៉ាវរាប់មិនអស់ ជាពិសេសចាប់តាំងពីមានឈ្មោះជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនទាំង ៣ នាក់ដោយផ្ទាល់ដៃ ។

 

តារាសម្តែងជើងចាស់ អ្នកស្រី ចាន់ បានរៀបរាប់ប្រាប់ថា ជីវិតជាស្រ្តីមេម៉ាយ ចិញ្ចឹមកូន ៣ នាក់មិនមែនជារឿងងាយស្រួលឡើយ តែអ្នកស្រីមិនបានអស់សង្ឃឹមក្នុងជីវិតឡើយ អ្នកស្រីបានតស៊ូចិញ្ចឹមកូនបានយ៉ាងល្អ ។ នេះជាលើកដំបូងហើយដែលអ្នកស្រី ចាន់ តារាទី ព្រមនិយាយពីជីវិតរបស់ខ្លួន ក្រោយពីបានលែងលះជាមួយស្វាមីអស់ពេលជាច្រើនឆ្នាំ ។

 

 


តាមពិតកូនទាំង ៣ នាក់របស់អ្នកស្រី ចាន់ តារាទី ម្នាក់ៗមានដុងខាងសិល្បៈផងដែរ ហើយពួកគេចង់ ប្រលូកក្នុងសិល្បៈដូចជាម្តាយរបស់ខ្លួនផងដែរ ប៉ុន្តែត្រូវបានអ្នកស្រីបដិសេធ និងមិនព្រមឱ្យពួកគេ ប្រលូកក្នុងវិស័យឡើយ ដោយអ្នកស្រីបានលើកឡើងថា ជីវិតអ្នកសិល្បៈមិនមែនជារឿងស្រួលនោះទេ ម្យ៉ាងវិញទៀតអ្នកស្រីចង់ឱ្យកូនៗធ្វើការងារជាមន្រ្តីរាជការច្រើនជាង ដូច្នេះហើយទើបអ្នកស្រីជំរុញ កូនទាំង ៣ ឱ្យធ្វើការងាររដ្ឋដើម្បីមានអនាគតល្អនាថ្ងៃខាងមុខ ៕

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 
  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024