ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បុរសសាច់ដុំដឹកជញ្ជូន Sushi កំពុងល្បីលើបណ្ដាញសង្គមជប៉ុន

១៦ កញ្ញា ២០២០ | កម្សាន្ដ

បុរសសាច់ដុំមួយក្រុមដែលធ្លាប់តែធ្វើការនៅកន្លែងហាត់ប្រាណ បាននាំគ្នាមកធ្វើជាបុគ្គលិកដឹកជញ្ជូនស៊ូស៊ី ខណៈដែលពួកគេភាគច្រើនត្រូវឈប់ពីការងារក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។

 

ម្ចាស់ភោជនីយដ្ឋានអាហារជប៉ុនស៊ូស៊ីលោក Masanori Sugiura (ម៉ាសាណូរិ ស៊ូជីអ៊ូរ៉ាក់) បានធ្វើឲ្យអាជីវកម្មរបស់លោកដែលធ្លាក់ចុះដោយការរីករាលដាលមេរោគកូវីដ១៩ ដំណើរការល្អឡើងវិញ តាមរយៈការបញ្ជូនក្រុមការងារជាបុរសសាច់ដុំរបស់លោកទៅធ្វើអ្នកដឹកជញ្ជូនអាហារឲ្យអតិថិជន។

 

 

ដាក់ឈ្មោះក្រុមដឹកជញ្ជូនរបស់ខ្លួនថា "Delivery Macho" (ឌីលីវើរី មែឆូ) មេចុងភៅវ័យ ៤១ឆ្នាំ និងជាអ្នកលេងកាយវប្បកម្មដ៏សកម្មមួយរូបដែរ បាននិយាយថាសេវាកម្មថ្មីនេះធ្វើឲ្យលោកអាចទទួលចំណូលប្រហែល ១.៥ លានយ៉េន ស្មើនឹងជាង ១៤០០០ដុល្លារអាមេរិក ក្នុងមួយខែចាប់តាំងពីបានចាប់ផ្តើមនៅចុងខែឧសភា។

 

 

លោក ស៊ូជីអ៊ូរ៉ាក់ បានជ្រើសរើសមិត្តភក្តិរបស់លោកចំនួន ៦ នាក់ដែលធ្វើការនៅកន្លែងហាត់ប្រាណ មកធ្វើជាបុគ្គលិកដឹកជញ្ជូនស៊ូស៊ីខណៈដែលពួកគេភាគច្រើនត្រូវឈប់ពីការងារក្នុងពេលមានជំងឺរាតត្បាត។ នៅពេលដឹកជញ្ជូនម្ដងៗ បុរសៗមួយក្រុមនេះបានដោះអាវរបស់ពួកគេចេញ និងថតរូបដោយរក្សាគម្លាតជាមួយអតិថិជនរបស់ពួកគេ ដែលត្រូវចំណាយយ៉ាងតិច ៦៦ ដុល្លារ ក្នុងការបញ្ជាទិញមួយលើក។

 

 

យុទ្ធសាស្ត្រដ៏ទាក់ទាញនេះបានក្លាយជាប្រធានបទដ៏ល្បីនៅលើបណ្តាញសង្គមហើយបើផ្អែកតាម លោក ស៊ូជីអ៊ូរ៉ាក់ ភោជនីយដ្ឋានរបស់លោកទទួលបានការបញ្ជាទិញដោយត្រូវការអ្នកដឹកញ្ជូនសាច់ដុំបែបនេះប្រហែល ១០ ដងក្នុងមួយថ្ងៃ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024