ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មិនរំពឹងប្រជាប្រិយភាពតែ គ្រឹម គឹមអ៊ុន នៅតែជម្នះបញ្ចេញស្នាដៃចម្រៀង

១៥ កញ្ញា ២០២០ | កម្សាន្ដ

ទោះបីមិនជោគជ័យក្នុងការប្រកួតកម្មវិធីចម្រៀងធំៗម្តងជាពីរដងក៏ពិតមែន តែដោយចិត្តស្រលាញ់ និងចូលចិត្តការច្រៀងតាំងពីកុមារភាព យុវជន គ្រឹម គឹមអ៊ុន បានជម្នះបញ្ចេញស្នាដៃចម្រៀងជាលើកដំបូងលើឆានែលយូធូបរបស់ខ្លួន។

 


អ្នកចម្រៀងចំនូលថ្មី គ្រឹម គឹមអ៊ុន ដែលគ្រប់គ្នាបានស្គាល់តាមរយៈកម្មវិធីប្រកួតចម្រៀងចំនួន២ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកកាលពីឆ្នាំកន្លងទៅ ទោះមិនជោគជ័យក្នុងការប្រកួតក៏ពិតមែន ប៉ុន្តែយុវជនរូបនេះនៅតែមានទំហំចិត្តស្រលាញ់វិស័យចម្រៀងធំធេង ទើបសម្រេចបញ្ចេញស្នាដៃចម្រៀងជាលើកដំបូងក្នុងឆានែលយូធូបរបស់ខ្លួន ចំណងជើងថា «នឹក»។

 


«នឹក» ជាចម្រៀងបែបមនោសញ្ចេតនា ស្នេហាបែបកម្សត់ជូរចត់ រៀបរាប់ឲ្យដឹងពីទំហំចិត្តនឹករបស់បុរសម្នាក់ដែលកើតមានចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់។ 
យ៉ាងណាមិញ កម្លោះសង្ហាម្ចាស់បទ «នឹក» នៅមិនទាន់ហ៊ានរំពឹងប្រជាប្រិយភាព ថាអាចត្រូវមហាជនស្គាល់តាមរយៈបទចម្រៀងដំបូងនេះនោះទេ គ្រាន់តែចាត់ទុកថាបទចម្រៀងមួយបទនេះ គឺជាចំនុចចាប់ផ្តើមលើវិស័យចម្រៀងរបស់លោក។ 


គឹមអ៊ុន បានឲ្យដឹងថា៖ «វិស័យចម្រៀងជាអ្វីដែលខ្ញុំស្រលាញ់តាំងពីក្មេងម្ល៉េះ ហើយខ្ញុំបានចាប់អាជីពច្រៀងប្រមាណ៥ឆ្នាំមកហើយគិតមកទល់ពេលនេះ។ 
បច្ចុប្បន្ន ខ្ញុំជាអ្នកចម្រៀងឯករាជ្យមិនចំណុះឲ្យផលិតកម្មណាមួយនោះឡើយ តែទៅថ្ងៃខាងមុនប្រសិនទទួលបានឱកាសចូលជាតារាចម្រៀងកុងត្រាប្រចាំឲ្យផលិតកម្មក្នុងស្រុកណាមួយ ខ្ញុំក៏នឹងពិចារណាទៅតាមនោះដែរ។»


មុនពេលបញ្ចេញស្នាដៃ Original Song នេះ ជារឿយៗ យុវជនរូបនេះតែងតែងបញ្ចេញសមត្ថភាពច្រៀងជាមួយហ្គីតាតាមកម្មវិធីផ្សេងៗជាមួយអ្នកចម្រៀងរៀមច្បងម្ចាស់បទ «ចាំ» លោក ចំរ៉ុង ហ្សានុ។

 


គ្រឹម គឹមអ៊ុន ជាយុវជនម្នាក់ពេញដោយទេពកោសល្យ ដែលអាចច្រៀងបានទាំងបទមនោសញ្ចេតនា ញ៉ាក់កន្ត្រាក់អារម្មណ៍ និងបទចម្រៀងប្រភេទបុរាណថែមទៀតផង។

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ហ្វេសប៊ុក និងឆានែលយូធូប

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024