ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ ៦% នៅក្នុងឆ្នាំ ២០២០នេះ

១៥ កញ្ញា ២០២០ | សេដ្ឋកិច្ច

សេដ្ឋកិច្ចវិទូ មកពី វិស័យឯកជនជាច្រើនរូប បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ទៅ ៦% នៅក្នុងឆ្នាំនេះ អាក្រក់ជាងការព្យាករណ៍ពីមុនទៅទៀត ដោយសារតែ សេដ្ឋកិច្ចជាតិ ធ្លាក់ចុះខ្លាំងបំផុត នៅក្នុងត្រីមាសទី ២កន្លងទៅ ហើយមិនរំពឹងថា នឹងអាចងើបឡើងវិញបានក្នុងពេលឆាប់ៗនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃនេះ។


អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានធ្វើការស្ទង់មតិទៅលើ ការវាយតម្លៃអំពីសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ដោយលទ្ធផលទទួលបានពី សេដ្ឋកិច្ចវិទូ និងអ្នកវិភាគជិត ៣០នាក់ គឺមិនបង្ហាញពី សញ្ញាវិជ្ជមាននោះឡើយ។


ទោះយ៉ាងណា អ្នកឃ្លាំមើលសេដ្ឋកិច្ចក្នុងស្រុកសិង្ហបុរី បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចសិង្ហបុរី នៅក្នុងត្រីមាសទី ៣ អាចនឹងធ្លាក់ចុះ ៧% ប្រសើរជាងត្រីមាសទី ២ ដែលបានធ្លាក់ចុះដល់ទៅ ១៣%។


ចំពោះ វិស័យដែលធ្វើបានល្អជាងគេ អំឡុងពេលនេះ រួមមាន វិស័យឧស្សាហកម្មផលិត និងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដែលអាចរក្សាបាននូវកំណើនស្តួចស្តើង។
រីឯ វិស័យលក់ដុំ និងរាយ វិស័យសំណង់ និងវិស័យបដិសណ្ឋាកិច្ច សុទ្ធតែបន្តរងគ្រោះដោយសារតែមេរោគកូវីដ១៩ ហើយអាចនឹងធ្លាក់ចុះខ្លាំង នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ។


វិបត្តិមេរោគកូវីដ១៩ ត្រូវបានគេចាត់ទុកជា បញ្ហាធំជាងគេ ដែលបានធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ចុះ ហើយក្រៅពីនោះ គឺមាន ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន ហើយនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល យឺតជាងការរំពឹងទុក។

 

ជាចុងក្រោយ សេដ្ឋកិច្ចវិទូទាំងអស់នេះ រំពឹងថា សេដ្ឋកិច្ចសិង្ហបុរី នឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ ដោយមានកំណើន ៥% ល្អជាងការព្យាករណ៍ពីពេលមុនទៅវិញ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024