ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

តើរដ្ឋមានអភិក្រម និងយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ-១៩ ដោយរបៀបណាខ្លះ?  តើរដ្ឋមានអភិក្រម និងយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ-១៩ ដោយរបៀបណាខ្លះ?  

១៥ កញ្ញា ២០២០ | សេដ្ឋកិច្ច

ជាការពិតណាស់ការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍កូវីដ-១៩ គឺជាការគិតថ្លឹងថ្លែងរកចំណុចដែលមានល្អប្រសើរបំផុតរវាងសេដ្ឋកិច្ច-សង្គម និងជំងឺ ពោលគឺ យើងមិនអាចគិតតែរឿងសេដ្ឋកិច្ច ហើយមិនអើពើខ្វល់ខ្វាយពីរឿងជំងឺ ដែលបណ្តាលឱ្យមនុស្សឆ្លងជំងឺ រាតត្បាត ហើយស្លាប់នោះទេ។

 

ក៏ប៉ុន្តែយើងក៏មិនអាចគិតតែពីរឿងជំងឺជ្រុលពេក រហូតបណ្តោយឱ្យសេដ្ឋកិច្ចស្លាប់នោះដែរ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការគ្រប់គ្រងប្រទេសនៅអំឡុងពេលមានវិបត្តិមេរោគរាតត្បាតនេះ កម្ពុជាយើង អាចនិយាយបានថាពិតជាមានសំណាងដែលមានថ្នាក់ដឹកនាំប្រទេសមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

 

លើសពីនេះទៀត កម្ពុជាក៏សំណាង ដែលមានប្រជាពលរដ្ឋដែលចេះស្ដាប់អ្នកដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈនេះ។ ព្រោះក្នុងស្ថានការណ៍ ប្រយុទ្ធទប់ស្កាត់នឹងមេរោគរាតត្បាតកូវីដ-១៩នេះ បើមិនមានកត្តាទាំងពីរយ៉ាងនេះទេ កម្ពុជាក៏ពិបាកក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគរាតត្បាត និងការរក្សាលំនឹងសេដ្ឋកិច្ច ក៏ដូចជាការស្ដារនូវសេដ្ឋកិច្ចឡើងវិញដែរ។


ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងទៀតថា ការកើតឡើង និងការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យយើងត្រូវកែសម្រួលក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងក្នុងយុទ្ធសាស្រ្តវាយលុក សម្រាប់ទប់ទល់ និងឆ្លើយតបទៅនឹងការបាត់បង់ EBA ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក្នុងស្មារតីនៃការប្រើប្រាស់ការគំរាមកំហែងនេះឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់ស៊ីជំរៅ ដើម្បីធ្វើឱ្យកម្ពុជាអាចឈរជើងបានដោយខ្លួនឯង ឱ្យប្តូរមកជា យុទ្ធសាស្រ្តដើម្បីទប់ទល់ វិញ ក្នុងសេណារីយ៉ូមួយដែលរំពឹងថា ជំងឺកូវីដ-១៩ នឹងត្រូវផុតរលុតត្រឹមរយៈពេល ៦ខែ ។

 

 

ក្នុងសេណារីយ៉ូនេះ កំណើនសេដ្ឋកិច្ចនឹងមានឡើងវិញ ក្នុងទម្រង់ដូចអក្សរ V គឺការងើបឡើងវិញដោយឆាប់រហ័ស។ ទន្ទឹមនឹងនេះ យើងក៏បានគិតគូរបណ្តើរៗអំពីសេណារីយ៉ូដែលជំងឺកូវីដ-១៩ អាចអូសបន្លាយលើពី ៦ខែ។ 


ឥឡូវនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅស្រុកខ្មែរយើង បានអូសបន្លាយលើសពី ៨ខែទៅហើយ ដោយមិនទាន់ដឹងថា ជំងឺនេះអាចនឹងបញ្ចប់នៅពេលណា ក្នុងខណៈដែលការប្រកាសបិទប្រទេស របស់ប្រទេសនីមួយៗ បានធ្វើឲ្យខ្សែចង្វាក់តម្លៃរបស់សេដ្ឋកិច្ចពិភពលោករង្គោះរង្គើដួលរលំទាំងផ្ទាំងៗ ទាំងផ្នែកផ្គត់ផ្គង់ និង ទាំងផ្នែកតម្រូវការ។ ដូចប្រទេសនានាដែរ ជំងឺនេះបានបង្កឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាស្ទើរតែគ្រប់វិស័យ ទាំងវិស័យផ្លូវការ និង ទាំងវិស័យមិនមែនផ្លូវការ។ 


ប្រការនេះ បានធ្វើឱ្យយើងត្រូវបន្តប្តូរក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ពីការទប់ទល់ មកជាយុទ្ធសាស្រ្តដើម្បីរស់សិន សំដៅទប់កុំឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងរក្សាលំនឹងសង្គមផង និងដើម្បីប្រយុទ្ធនឹងជំងឺផង ដោយយកកត្តាមនុស្សជាធំ ពោលគឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់អត់បាយដាច់ពោះស្លាប់ ឬស្លាប់ដោយសារជំងឺឆ្លងនេះ។


ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ការខិតខំដើម្បីរស់សិនខាងសេដ្ឋកិច្ចខាងលើនេះ មិនមែនជាការរស់សម្រាប់តែរង់ចាំថ្ងៃស្លាប់នោះទេ ហើយជំងឺនេះ ក៏មិនអាចធ្វើឱ្យកម្ពុជាយើងដួលរលំនោះដែរ ពោលគឺយើងខិតខំរស់ សម្រាប់រង់ចាំពេលដើម្បីងើបឡើងវិញ ដោយជំហានដំបូង គឺក្រោកឡើងដើរ ដើម្បីកែតម្រូវ និងតៀមលក្ខណៈក្នុងរយៈពេលពី ១ ឆ្នាំ ទៅ ២ឆ្នាំ ហើយបន្ទាប់មកចាប់ផ្តើមរត់ទៅមុខទៀត ក្នុងការអភិវឌ្ឍ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានកាន់តែខ្លាំជាងមុន។ឯកឧត្តម វង្សី វិស្សុត លើកឡើងថា នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តដើម្បីរស់ខាងលើនេះ គឺយើងត្រូវ

 

ទី១-ជំរុញ និងជួយទ្រទ្រង់ដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ឱ្យដើរឱ្យអស់សក្កានុពល សំដៅទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចយើងឱ្យអាចរស់បានសិន។

 

ឯកឧត្តមបានបន្តថា វិស័យកសិកម្មកម្ពុជារងផលប៉ះតិចតួចពីជំងឺកូវីដ-១៩ និងមានលទ្ធភាពអាចចិញ្ចឹមប្រទេសកម្ពុជាបាន ដែលនេះ ក៏ជាសំណាងរបស់កម្ពុជាផងដែរ ព្រោះវិស័យកសិកម្មនៅមានចំណែកធំក្នុងផលិតផលក្នុងស្រុកសរុប នៅឡើយ។

 


ម្យ៉ាងវិញទៀត កម្លាំងពលកម្មភាគច្រើនក៏សិ្ថតនៅក្នុងវិស័យនេះ ហើយកម្មករដែលធ្វើការក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មមួយចំនួនធំក៏នៅមានទំនាក់ទំនងជាមួយជនបទនៅឡើយ  ដោយសារពួកគាត់ទើបតែជាកម្មករជំនាន់ដំបូង។ 

 


ដូចនេះ ក្នុងករណីពួកគាត់បាត់បង់ការងារក្នុងវិស័យឧស្សាហកម្ម ពួកគាត់ក៏នៅអាចត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់ពួកគាត់ ដើម្បីប្រឡូកក្នុងវិស័យកសិកម្មវិញ ឬក៏អាចប្រកបមុខរបរ និងការងារផ្សេងៗទៀត។ លើសពីនេះទៀត ដោយសារប្រទេសនីមួយៗ ចាប់ផ្តើមបង្កើនសន្តិស្បៀង ក្នុងកំឡុងពេលកូវីដ-១៩ បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសបានច្រើនជាងមុនដែរ។

 

ការផលិតដើម្បីបម្រើឱ្យទីផ្សារក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូល ពិសេសក្នុងផ្នែកម្ហូបអាហារ ដូចជា ត្រី សាច់ និងបន្លែជាដើម ក៏ជាសក្តានុពលមួយធំគួរសមដែរ។ គូសបញ្ជាក់ផងដែរថា គួរជៀសវាងការវិនិយោគហួសលើវិស័យកសិកម្ម ដែលជាហេតុឱ្យយើងផលិតបានហួសពីតម្រូវការ ហើយរកទីផ្សារលក់មិនបាន ដែលអាចបង្កជាបញ្ហាធំដល់សេដ្ឋកិច្ចទៅថ្ងៃមុខ។ 


ម្យ៉ាងទៀត ផលិតភាពក្នុង  វិស័យកសិកម្មតែងតែមានកម្រិតទាបជាងវិស័យឧស្សាហកម្ម និងសេវាកម្ម ហើយរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនបានខ្លាំងដូចវិស័យទាំងពីរខាងក្រោយនេះទេ។ ដូចនេះ ការរៀបចំផែនការ និងយុទ្ធសាស្រ្តឱ្យបានហ្មតចត់ល្អិតល្អន់ គឺជាការចាំបាច់។ 


ទី២-ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផ្សេងទៀតឱ្យដើរកាន់តែខ្លាំង ទាំងការផលិត និងទាំងការប្រើប្រាស់ក្នុងស្រុកសំដៅធ្វើយ៉ាងណាដើម្បីជំរុញតម្រូវការក្នុងស្រុក និងឱ្យលុយវិលកាន់តែច្រើនក្នុងសេដ្ឋកិច្ច ដើម្បីបង្កើនតម្លៃបន្ថែម។ ពិតណាស់ថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជាបច្ចុប្បន្ន មិនអាចធានាជួយឱ្យយើងសម្រេចបានកំណើន ៧% ក្នុងមួយឆ្នាំនោះទេ ប៉ុន្តែតែអាចជួយសេដ្ឋកិច្ចកម្ពុជាឱ្យអាចរស់បាន។ 


ទី៣-ជំរុញការនាំចេញផលិតផលផ្សេងទៀត ដែលនៅមានទីផ្សារទៅខាងក្រៅនៅឡើយ ដូចជា កង់ជាដើម និងផលិតផលផ្សេងៗដែលអាចនាំចេញបាន ឱ្យអស់សក្តានុពេល តាមរយៈការកែលំអរបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម និងការគាំទ្រចាំបាច់នានាបន្ថែមទៀត។ 


ទី៤-ជំរុញសកម្មភាពវិនិយោគក្នុងស្រុក ដើម្បីជំនួសនិងបំពេញបន្ថែមការវិនិយោគពីក្រៅប្រទេស ដែលធ្លាក់ចុះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យហ៊ានប្រើប្រាស់លុយសន្សំ យកមកធ្វើការវិនិយោគក្នុងវិស័យផលិតកម្មឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ជាជាងការប្រើប្រាស់លុយនេះទៅទិញដីទុក ហើយរង់ចាំឱកាសលក់ចេញវិញយកចំណេញ។

 

ទន្ទឹមគ្នានេះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការទាក់ទាញ និងទទួលការវិនិយោគពីក្រៅប្រទេស ដែលមានសក្តានុពលចូលមកកម្ពុជា ដោយសារចរន្តនៃការបង្វែរទិសការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។


ទី៥-គួរបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់ ដោយផ្អែកលើផែនការ និងយុទ្ធសាស្រ្តជាក់លាក់។


ឯកឧត្តមក៏បានលើកឡើងបន្តថា នៅក្នុងយុទ្ធសាស្រ្តដើម្បីរស់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ៤ ជុំរួចមកហើយ ក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់ ទៅលើវិស័យមួយចំនួន ដូចជា៖ វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ កម្មករ-និយោជិតដែលទទួលរងផលប៉ះពាល់ ក្រុមជនដែលងាយរងគ្រោះដូចជា ក្រីក្រ១ និង ក្រីក្រ២ ព្រមទាំងវិធានការប្រទាក់ក្រឡាផ្សេងៗ ដើម្បីទ្រទ្រង់កំណើន៕

 

អត្ថបទ ស៊ឺន សាយ និង រូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024