ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភាពយន្តថ្មីរបស់ ឈិន ឡុង នឹងចាក់បញ្ចាំងនាចុងខែកញ្ញានេះ

១៥ កញ្ញា ២០២០ | កម្សាន្ដ

ភាពយន្តបែបវាយប្រហារថ្មីរបស់តារាក្បាច់គុន ឈិន ឡុង មានចំណងជើងថា “Vanguard” (វេនហ្គាត) នឹងធ្វើការចាក់បញ្ចាំងតាមរោងកុនប្រទេសចិននាចុងខែកញ្ញាខាងមុខនេះ ក្រោយពីបានលើកពេលអស់ជាច្រើនខែដោយសារការផ្ទុះជំងឺកូវីដ១៩រួចមក។

 

 

 

ជំងឺកូវីដ១៩បានធ្វើឲ្យភាពយន្តជាច្រើនដែលគ្រោងចាក់បញ្ចាំងនាដើមឆ្នាំ ២០២០ ត្រូវលើកពេលការចាក់បញ្ចាំងរបស់ខ្លួន ហើយភាពយន្ត “Vanguard” (វេនហ្គាត) របស់តារាសម្ដែងល្បីឈ្មោះ Jackie Chan ដែលគ្រោងចាក់បញ្ចាំងតាំងពីខែមករា ក៏មិនអាចគេចផុតដែរ។ ប៉ុន្តែនាពេលនេះភាពយន្ត “Vanguard” នឹងវិលត្រឡប់មកបម្រើចក្ខុទស្សនិកជននាចុងខែកញ្ញាខាងមុខនេះ តាមរោងកុននៅទូទាំងប្រទេសចិន។

 


ក្នុងខ្សែភាពយន្តថ្មីនេះ តារាជើងចាស់ Jackie Chan ដែលគ្រប់គ្នាស្គាល់ថា ឈិន ឡុងនោះ នៅតែហ៊ានសម្ដែងឈុតស្រៀវសាច់ប្រថុយគ្រោះថ្នាក់ដូចមុនដដែល ទោះបីជាលោកមានវ័យ ៦៦ឆ្នាំហើយក្ដី។ 


អំឡុងពេលថតប្លង់មួយនៃភាពយន្តនេះ ម៉ូតូទឹករបស់លោកបានផ្អៀងចូលទៅក្នុងទឹក ដែលបណ្ដាលឲ្យរូបលោកនិងតារាស្រី Miya Muqi (មីយ៉ាម៊ូឈី) ធ្លាក់ចូលទឹក។ ពេលនោះតារាស្រី Miya Muqi (មីយ៉ាម៊ូឈី) អាចងើបចេញពីទឹកបានយ៉ាងលឿន ខណៈដែល Jackie Chan ត្រូវជាប់នៅចន្លោះម៉ូតូទឹក និងដុំថ្មក្បែរនោះរយៈពេល ៤០វិនាទី ធ្វើឲ្យមានការឆោឡោពេញទីតាំងថត។

 

គួរបញ្ជាក់ថាខ្សែភាពយន្តបែបវាយប្រហារ “Vanguard” (វេនហ្គាត) នេះគឺជាស្នាដៃនិពន្ធ និងដឹកនាំការផលិតរបស់លោក Stanley Tong (ស្តេនលី តុង) និងជាការសហការគ្នាលើកទីប្រាំមួយហើយ រវាងតារាសម្ដែង Jackie Chan និងអ្នកដឹកនាំរឿងរូបនេះ៕

 

ប្រែសម្រួល៖ វ៉ាន់ថន
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024