ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

កងកម្លាំងមួកខៀវ ចំនួន១៣៩ នាក់ ដែលទើបវិលត្រលប់ពីប្រទេសម៉ាលី តម្រូវអោយធ្វើចត្តាឡីស័ក ១៤ថ្ងៃ មុននឹងអនុញ្ញាតអោយទៅជួបជុំក្រុមគ្រួសារ

១៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងមួកខៀវចំនួន ១៣៩នាក់ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យ រយៈពេលពេញ ១ឆ្នាំ នៅសាធារណៈរដ្ឋម៉ាលី ។ ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញនេះ  នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ ក្រុមគ្រូពេទ្យបានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ និងតម្រូវអោយ ធ្វើចត្តាឡីស័ក១៤ថ្ងៃ មុននឹងអនុញ្ញាតអោយទៅផ្ទះ ជួបជុំក្រុមគ្រួសារ។  

 


កងយោធាមួកខៀវកម្ពុជាដែលទើបធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា កាលពីយប់មិ្សលមិញ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបណ្តុះបណ្តាល បោសសំអាត មីននិងកាកសំណល់សង្គ្រាម នៅ ស្រុកឧដុង្គ ចំនួន៤៥នាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់  ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាអនុប្រធានគណៈកម្មការការងារកូវីដ -១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ 

 


ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញនេះ ក្រុមគ្រូពេទ្យ ក៏បានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា បន្ទាប់យកសំណាកទៅវិភាគ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ នឹងត្រូវក្រសួងសុខាភិបាលប្រកាសនៅ ថ្ងៃទី១៥ កញ្ញា ស្អែកនេះ។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ប្រសិនបើមានសញ្ញាវិជ្ជមាននៃមរោគកូវិដ១៩ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺនោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យចាក់អង្រែក្រោម។

 


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវចំនួន៥កងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024