ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកជំងឺ និងអ្នកស្លាប់ ដោយសារគ្រុនឈាម និងគ្រុនឈីក កើនឡើងគួរឱ្យក់តសម្គាល់

១៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

រយៈពេលមួយខែចុងក្រោយនេះ អ្នកជំងឺគ្រុនឈាម បានកើនឡើងប្រមាណជា ៣ ០០០ ករណី ខណៈអ្នកស្លាប់ ដោយសារគ្រុនឈាម បានកើនឡើងដល់ ០៩ ករណី។ រីឯជំងឺគ្រុនឈីក កើនឡើងប្រមាណជា ៣០០ ករណី។ វេជ្ជបណ្ឌិតជំនាញ បានផ្តាំផ្ញើយ៉ាងទទូចថា ពេលមានអ្នកក្តៅខ្លួនលើសពី ៣៧, ៥ អង្សា សូមប្រញាប់យកទៅពេទ្យរដ្ឋ កុំឱ្យហួសពី ២៤ ម៉ោងដាច់ខាត កុំព្យាយាមរកការព្យាបាលដោយខ្លួនឯង ឬក៏យកទៅពេទ្យឯកជន ពុំនោះទេ អាចគ្រោះថ្នាក់ដល់ជីវិត។ 

 


រយៈពេល ៣៥ សប្តាហ៍ ឆ្នាំ ២០២០ នេះ នៅទូទាំងប្រទេស កម្ពុជា ជំងឺគ្រុនឈាម បានកើនឡើងដល់ ៧ ៨២៣ ករណី ហើយ ខណៈមនុស្សស្លាប់ បានកើនឡើងដល់ ០៩ ករណី ហើយប្រមាណជា ៨០ ភាគរយ នៃ ករណីជំងឺគ្រុនឈាម ទាំងនេះ កើតឡើងនៅ ភ្នំពេញ កណ្តាល សៀមរាប បន្ទាយមានជ័យ កំពង់ធំ ត្បូងឃ្មុំ បាត់ដំបង កំពង់ស្ពឺ កំពងឆ្នាំ និង ខេត្ត កំពង់ចាម  ។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត លាង រិទ្ធី នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ មជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃ ក្រសួងសុខាភិបាល បានប្រាប់ PNN តាម តេឡេហ្ក្រាម នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ។ 

 


ករណីជំងឺ គ្រុនឈាម ខាងលើនេះ គឺបានកើនឡើងប្រមាណជា ៣ ០០០ ករណី ក្នុងរយៈពេល ០១ ខែ ចុងក្រោយនេះ ដោយសារកាលពីខែ សីហា ជំងឺគ្រុនឈាមនៅ កម្ពុជា ត្រឹមតែជាង ៥ ០០០ ករណី ខណៈ កាលពីខែ កក្កដា មានត្រឹមតែជាង ៣ ១០០  ករណីប៉ុណ្ណោះ ចំណែកមនុស្សស្លាប់ បានកើនឡើង ០៤ នាក់បន្ថែមទៀត ខណៈកាលពីខែ សីហា មានត្រឹមតែ ០៥ ករណី ហើយកាលពីខែ កក្កដា ត្រឹមតែ ០២ ករណី  ប៉ុណ្ណោះ ។


ចំពោះអ្នកស្លាប់ទាំង ០៩ ករណីនោះ ត្រូវបានលោកវេជ្ជបណ្ឌិត លាង រិទ្ធី អះអាងថា ដោយសារមូលហេតុដូចគ្នាទាំងអស់ គឺការយកអ្នកជំងឺទៅ មន្ទីរពេទ្យរដ្ឋ យឺតពេល ហើយនោះក៏ព្រោះតែពួកគេនៅរេរាអែអង់ព្យាបាលដោយខ្លួនឯង និង រកការព្យាបាលតាមគ្លីនិកឯកជន លុះដល់ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទើបយកទៅមន្ទីរពេទ្យរដ្ឋ គឺវាយឺតពេលទៅហើយ ។ 

 


ក្នុងពេលជាមួយគ្នានេះ ជំងឺគ្រុនឈីក ត្រូវបានរកឃើញជាង  ២ ០០០ ករណី នៅក្នុងខេត្តចំនួន ១៥ ហើយខេត្តចំនួន ៥ ដែលផ្ទុះជំងឺគ្រុនឈីក ខ្លាំងជាងគេ គឺខេត្ត បន្ទាយមានជ័យ ខេត្ត សៀមរាប ខេត្ត តាកែវ ខេត្ត កណ្តាល និង ខេត្ត កំពង់ឆ្នាំង ហើយទិន្នន័យនេះ ធ្វើឱ្យអ្នកជំងឺ គ្រុនឈីក  កើនឡើងប្រមាណ ៣ ០០ ករណី ដោយសារកាលពីខែ សីហា កម្ពុជា រកឃើញអ្នកកើតជំងឺគ្រុនឈីក ត្រឹមតែប្រមាណជា ១ ៧០០ ករណី ប៉ុណ្ណោះ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺ គ្រុនឈីក នេះទេ ។ នេះបើតាមលោកវេជ្ជបណ្ឌិត លាងរិទ្ធី ដដែល ។

 


ជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក កើតឡើងដោយសារ មូសខ្លា ញី ខាំ ហេតុនេះ ដើម្បី បង្ការកុំឱ្យកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក គឺធ្វើយ៉ាងណា កុំឱ្យ មូសខ្លា ញី ខាំ គឺត្រូវលុបបំបាត់សំបកកំប៉ុង សំបកដូង សំបកក់ងឡាន ជម្រះព្រៃស៊ប់ទ្រប់ អនាម័យសណ្តាប់ធ្នាប់ក្នុងផ្ទះសម្បែង ទុកដាក់របស់របរ ជាពិសេសសម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ ស្លៀកពាក់ខោ អាវ ដែលមានដៃ ជើងវែង និង ទទួលទានដំណេកក្នុងមុងជ្រក់ថ្នាំ ជាដើម ហើយការណ៍ដែលបញ្ចៀសកុំឱ្យ មូសខ្លា ញី ខាំ អាចគេចផុតពីជំងឺដល់ទៅប្រភេទឯណោះ គឺ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និង ជំងឺស៊ីកា ។

 


លោកវេជ្ជបណ្ឌិត លាង រិទ្ធី បានផ្តាំផ្ញើម្តងហើយម្តងទៀតថា នៅពេលមាននរណាម្នាក់ក្តៅខ្លួន ចាប់ពី ៣៧ , ៥ អង្សាឡើងទៅ ត្រូវប្រញាប់យកទៅមន្ទីរពេទ្យរដ្ឋ កុំឱ្យហួសពី ២៤ ម៉ោង ហើយត្រូវចៀសវាងដាច់ខាត កុំព្យាយាមរកការព្យាបាលដោយខ្លួនឯង រួមទាំងការផ្សំថ្នាំនៅតាមគ្លីនិកឯកជនជាដើមផង ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ពុំនោះទេ គេអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែជំងឺគ្រុនឈាម ដូចជា ០៩ ករណីខាងលើនេះស្រាប់ ៕

អត្ថបទ៖ ខឿន សាឃាង         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024