ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល ប្រកាសពីករណីសង្ស័យជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃ នៅខេត្តបាត់ដំបង

១៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ក្រសួងសុខាភិបាល បានទទួលរបាយការណ៍ថា មានករណីសង្ស័យ ជំងឺគ្រុនផ្តាសាយធំ បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន ៤៦អង្គ ដែលគង់ នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សា នៅសាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តនេះ។ តាមក្រសួងសុខាភិបាល ព្រះសង្ឃទាំង ៤៦អង្គ មានអាការ:រោគ ដូចជា ក្តៅខ្លួន លើសពី ៣៧,៥ អង្សាសេ ក្អក និងហៀរសំបោរ។  

 


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ។ ក្នុងនោះ មានព្រះសង្ឃ ប្រហែលជាងពាក់កណ្តាល ក្នុងចំណោមព្រះសង្ឃ ៤៦អង្គ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។  


លោកជំទាវ បន្តថា ព្រះសង្ឃ ដែលនៅមានរោគសញ្ញាសង្ស័យជំងឺកូវីដ១៩ គឺក្រុមគ្រូពេទ្យ ខេត្តបាត់ដំបង បានយកវត្ថុសំណាក ចំនួន ២១អង្គ ផ្ញើទៅធ្វើវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ រួចហើយ និងកំពុងតែរង់ចាំលទ្ធផល។

 


លោកជំទាវ បន្តថា មន្ទីរសុខាភិបាល ខេត្តបាត់ដំបង ក៏បានអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណៈគ្រប់គ្រងសាលាពុទ្ធិក: នៅទីនោះ រួចហើយដែរ។ 


លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពសុខភាពព្រះសង្ឃ ដែលឈឺ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ  គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។ 

 


លោកជំទាវ ឱ វណ្ណឌីន ក៏បានបន្តថា ដោយសារមានការសង្កេតកន្លងមកនេះ ឃើញថា នៅមានការខ្វះចន្លោះ ក្នុងការអនុវត្តវិធានការសុខាភិបាល ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ សូមអំពាវនាវ ក្រើនរំលឹកសាជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងវត្តអារាម នៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ការឆ្លងជំងឺគ្រុនផ្តាសាយធំ និងការឆ្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តនូវវិធានការការសាមញ្ញៗ ដូចតទៅ៖

 

 

១. រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃ ដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឬពិសាទឹកក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារ ត្រូវចម្អិនឲ្យបានឆ្អិនល្អ។ 

២. ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារាម ជួបជុំពុទ្ធបរិស័ទ  ជាពិសេសមិនត្រូវជួបជុំគ្នា ទ្រង់ទ្រាយធំ ដូចជា ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ និងពេលសម្តែងព្រះធម៌។ 

៣. រក្សាគម្លាតសុវត្ថិភាពបុគ្គល យ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីមួយម៉ែត្រកន្លះឡើងទៅ។ 

៤. ជាពិសេសព្រះសង្ឃ ឬបុគ្គល ដែលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំ ក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុ នៅក្នុងទីកន្លែងណាមួយ ក្នុងវត្តអារាម ដែលអាចបង្កឲ្យឆ្លងបន្តគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ 

៥. ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រើប្រាស់សាធារធាតុមេតាណុល ដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងការសេពគ្រឿងញៀន។


ជុំវិញករណីព្រះសង្ឃ ៤៦អង្គ អាពាធនេះ ត្រូវបានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញានេះថា ព្រះសង្ឃ ក្តៅខ្លួន ចាប់ពី ៣៧,៥ អង្សា ក្អក ហៀរសំបោរ រយៈពេល ៦ថ្ងៃហើយ។ ករណីនេះ កើតមានចំពោះព្រះសង្ឃចំនួន ៤៦អង្គ មានព្រះជន្មពី ១១ ដល់ ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហើយទទួលការព្យាបាល បានធូរស្រាលខ្លះៗហើយ។

 


កាលពីយប់មិញ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង និងពេទ្យស្រុកសង្កែ បានចុះពិនិត្យ និងយកសំណាកព្រះសង្ឃ ទៅធ្វើវិភាគបន្ត។ ក្រុមការងារ ក៏បានណែនាំ លោកអាចារ្យ និងគណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។


មន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានកំណត់ស្ថានភាពរួមជាបឋម ករណីព្រះសង្ឃឈឺផ្តាសាយនេះ ថាមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន ដោយយកចិត្តទុកដាក់ជាបន្តទៀត៕

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024