ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តើគួររៀបចំផែនការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញដោយរបៀបណាខ្លះក្នុងអំឡុងវិបត្តិកូវីដ១៩នេះ?

១៥ កញ្ញា ២០២០ | សេដ្ឋកិច្ច

បច្ចុប្បន្ន វិបត្តិជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរជាសកល នៅមិនទាន់រលាយផុតរលត់ពីភពផែនដីនៅឡើយនោះទេ។បណ្តាប្រទេសទាំងអស់នៅលើពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ។ ក្នុងអំឡុងពេលនៃការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះដែរ ប្រទេសនីមួយៗនៅក្នុងពិភពលោក រាប់ទាំងប្រទេសកម្ពុជាយើងផងដែរនោះ បាននិងកំពុងសិក្សាគិតគូររៀបចំផែនការ និង យុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច និង ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានិងគ្នាឡើងវិញផងដែរ។

 

មិនបានរៀបរាប់ច្រើនពីបញ្ហាផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយសារកូវីដនោះទេ ឥឡូវនេះយើងក្រឡេកទៅមើលផែនការស្តារសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យលម្អិតបន្តិចសិន។ កិច្ចការដ៏សំខាន់នេះ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើឱ្យបានឆាប់ និងម៉ត់ហ្មត ត្រឹមត្រូវ និង គ្រប់ជ្រុយជ្រោយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានឆាប់រហ័ស ដោយមិនរង់ចាំរហូតដល់ពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់នោះទេ ពោលគឺយើងអាចត្រូវចេះរៀនរស់នៅជាមួយនឹងជំងឺនេះ។

 

តើគេត្រូវស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញដោយរបៀបណាខ្លះ? ផែនការស្តារសេដ្ឋកិច្ចឡើងវិញនេះ អាចនឹងធ្វើឡើងជា ០២ ដំណាក់កាលដោយដំណាក់កាលទី១ គឺផែនការត្រៀមខ្លួន សម្រាប់ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ដោយបន្តផ្តោតលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការទ្រទ្រង់និងស្តារអាជីវកម្ម ការបង្កើតការងារនិងការបន្តជួយដល់ជនដែលងាយរងគ្រោះពីជំងឺកូវីដ-១៩តាមរយៈកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ 

 

ថ្វីត្បិតតែយើងត្រូវបែងចែកធនធានមួយចំណែកដ៏ធំរបស់ជាតិ សម្រាប់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ចក្តី តែយើងក៏មិនដកថយក្នុងការបង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម័ន្ធរូបវ័ន្តសំខាន់ៗ ដូចជា គមនាគមន៍ដឹកជញ្ជូន និងឡូជីស្ទិក អគ្គិសនី និង បច្ចេកវិទ្យា ឌីជីថលជាដើម ដើម្បីបង្កើនភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើកិច្ចការមួយបន្ថែមចំនួនទៀត ដើម្បីសម្រួលដល់លំហូរទំនិញ សេវា និងមនុស្ស កុំឱ្យមានការប៉ះពាល់ ឬរអាក់រអួល។ 

 

ដំណាក់កាលទី២ គឺផែនការងើបឡើងវិញ សម្រាប់ចាប់ពីឆ្នាំ២០២២ តទៅ ដោយបន្តផ្តោតលើការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ព្រមទាំងការបង្កើនការវិនិយោគសាធារណៈ ដើម្បីទាក់ទាញវិនិយោគឯកជនឱ្យកាន់តែបានច្រើនថែមទៀត។ នេះបើតាមអ្នកជំនាញរៀបចំផែនការយុទ្ធសាស្រ្តគោលនយោបាយសេដ្ឋកិច្ចជាតិ។ 


ជុំវិញទៅនឹងផែនការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនេះដែរ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាគិតគូររៀបចំផែនការ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ 


 
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញខាងលើនេះ នឹងត្រូវផ្តោតលើគោលការណ៍ណែនាំសំខាន់ៗចំនួន ០៣ ទី១ការស្វែងយល់ និងកំណត់និន្នាការ ឬប្រក្រតីកម្មថ្មី របស់ពិភពលោក បានន័យថា ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ អាចនឹងមិនដូចពិភពលោកនៅមុនពេលវិបត្តិជំងឺកូវីដ-១៩ នោះទេ ហើយសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ក៏នឹងត្រូវបានផ្លាស់ប្តូរផងដែរ។ 


ក្នុងន័យនេះ ពិភពលោកក្រោយវិបត្តិកូវីដ-១៩ គឺជាពិភពលោកមួយ ដែលមានកំណើនទាប មានទំនាក់ទំនងពាណិជ្ជកម្មតិចជាងមុន និងមានការគាំពារនិយមកាន់តែច្រើនជាងមុន ជាពិសេសការផ្លាស់ប្តូរនៃខ្សែសង្វាក់ផលិតកម្មពីកម្រិតពិភពលោក មកកម្រិតតំបន់ និងពីកម្រិតតំបន់ដល់កម្រិតប្រទេសនីមួយៗវិញតែម្តង ជាពិសេសចំពោះមុខទំនិញដែលចរិតយុទ្ធសាស្រ្តរបស់ជាតិ ដូចជា ម្ហូបអាហារ ថ្នាំពេទ្យ ស្បៀង អាវុធ គីមី និងបច្ចេកវិទ្យា ជាដើម។ 
 


ទន្ទឹមនឹងនេះ មនុស្សក៏ចាប់ផ្តើមផ្លាស់ប្តូរ និងចេះរស់នៅតាមរបៀបថ្មី ដោយក្នុងនោះ នឹងមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ហើយការថែទាំ និងបង្ការជំងឺ ក៏នឹងកាន់តែធំជាងមុន ដែលជាហេតុធ្វើឱ្យមានតម្រូវការថ្មី ក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ និងសេវាកម្ម។ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រទេសនីមួយៗ ហើយក្នុងករណីខ្លះ ការប្រែប្រួលនៃអាកាសធាតុ ក៏បានបង្កើតជាជំងឺខ្លះឥតឈប់ឈរផងដែរ។ 


ត្រង់កន្លែងនេះ ខ្ញុំសូមបញ្ជាក់បន្តិចផងដែរថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យវិស័យបច្ចេកវិទ្យាមានសន្ទុះរីកចម្រើន និងការអភិវឌ្ឍ ក្នុងល្បឿនមួយដ៏លឿនជាងពេលណាៗទាំងអស់។ ដូច្នេះ កម្ពុជាមិនអាចឃ្លាតចេញពីនិន្នាការពិភពលោកថ្មីខាងលើនេះបានទេ។ ក្នុងន័យនេះ កម្ពុជាត្រូវរកឱ្យឃើញនូវនិន្នាការទាំងឡាយ ដែលអាចបង្កឱ្យមានបញ្ហាប្រឈម និងប៉ះពាល់ខ្លាំងដល់កម្ពុជា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្តទប់ទល់ និងសម្រាលនូវការប៉ះទង្គិច និងត្រូវរកឱ្យឃើញនូវនិន្នាការទាំងឡាយណា ដែលអាចបង្កើតជាឱកាសដល់កម្ពុជា ដើម្បីអាចប្រើប្រាស់នូវឱកាសទាំងនោះឱ្យអស់ពីសក្តានុពល។


 
ទី២ការកំណត់បរិការណ៍ក្នុងស្រុក ទន្ទឹមនឹងនិន្នាការពិភពលោកថ្មី ដែលជាបរិការណ៍ក្រៅប្រទេសខាងលើនេះ កម្ពុជាក៏ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញនូវស្ថានភាពរួមរបស់ប្រទេស, សក្តានុពលដែលមាន កម្លាំងធនធាន និងបញ្ហាប្រឈមទាំងឡាយនៅក្នុងស្រុកផងដែរ ដើម្បីអាចដាក់ចេញនូវិធានការអន្តរាគមន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ គួបផ្សំនឹងប្រព័ន្ធអេកូមួយ ដែលសមស្រប បត់បែន និងឆ្លើយតបទៅនឹងទាំងបរិការណ៍ក្រៅស្រុក និងក្នុងស្រុក។ 
 


ជាមួយគ្នានេះ វិធានការអន្តរាគមន៍ក្នុងស្តារសេដ្ឋកិច្ចឡើងវិញនេះ ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍សម្រិតសម្រាំងខ្ពស់ ដើម្បីកំណត់វិស័យណាដែលចរិតជាយុទ្ធសាស្រ្ត តាមដំណាក់កាលនីមួយៗ ស្របតាមផែនការច្បាស់លាស់ ព្រោះរដ្ឋមិនអាចធ្វើអន្តរាគមន៍គ្រប់វិស័យទាំងអស់ ក្នុងពេលតែមួយបាននោះទេ។ 


 
ទន្ទឹមនឹងនេះ ការរៀបចំក្របខណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សក្តិសិទ្ធិភាព និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះ ដើម្បីឱ្យយន្តការសេដ្ឋកិច្ចទីផ្សារអាចដំណើរការបានរលូន ក្នុងការបែងចែក និងប្រើប្រាស់ធនធានរបស់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព និង ទី៣ ការកៀរគរធនធានដើម្បីគាំទ្រដល់ការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញ កម្ពុជាត្រូវតែមានធនធានគ្រប់គ្រាន់ ទាំងធនធានហិរញ្ញវត្ថុ និងទាំងធនធានមនុស្ស។ 


ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រដ្ឋចាំបាច់ត្រូវហ៊ានបង្កើនចំណាយធំជាងមុន តាមរយៈការបង្កើនការខ្ចីបន្ថែម និងការកៀរគរធនធានពីវិស័យឯកជន។ ចំពោះការខ្ចីពីក្រៅបន្ថែម គឺកម្ពុជាមិនពិបាកនោះទេ ដោយសារកម្ពុជានៅសល់លំហរច្រើនសម្រាប់បង្កើនការខ្ចីបន្ថែម ព្រោះបន្ទុកបំណុលក្រៅប្រទេសរបស់យើងនៅតិចនៅឡើយ ហើយបច្ចុប្បន្នក៏មានដៃគូរជាច្រើនចង់ឱ្យកម្ពុជាខ្ចីបន្ថែមផងដែរ។

 

ដោយឡែក ចំពោះការខ្ចីពីទីផ្សារក្នុងស្រុកវិញ ក៏ជាសក្កានុពលមួយដ៏ធំផងដែរ តែកម្ពុជានៅពុំទាន់បានខ្ចីពីផ្សារនេះនៅឡើយ។ ដូចនេះ ការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងមានជវភាព គឺជាកត្តាគន្លឹះមិនអាចខ្វះបាន។ 
 
ឯកឧត្តមបានបន្តថា ការបង្កើនទំហំចំណាយតែមួយមុខ នៅមិនទាន់អាចដោះស្រាយបញ្ហាបានទាំងស្រុងនៅឡើយទេ តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវចាយឱ្យចំមុខ តាមនីតិវិធី និងមានប្រសិទ្ធភាព។ លើសនេះទៀត យើងចាំបាច់ត្រូវប្រមូលធនធានទាំងអស់ដែលមាន និងតម្រង់ទិសការប្រើប្រាស់ធនធានទាំងនេះ ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាព តាមរយៈការបង្កើតក្របខណ្ឌ និងប្រព័ន្ធអេកូមួយសមស្រប ដែលអាចផ្តល់នូវទំនុកចិត្ត ការលើកទឹកចិត្ត និងទាក់ទាញការចូលរួមពីគ្រប់តួអង្គទាំងអស់ ទាំងរដ្ឋ និងទាំងវិស័យឯកជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ 


 
គួរបញ្ជាក់ថា ការវិនិយោគដែលមានប្រភពទុនពីក្រៅប្រទេសអាចមានការថមថយចុះមួយរយៈ តែការវិនិយោគដែលមានប្រភពទុនក្នុងស្រុកវិញ នៅមានសក្កានុពលធំ ដែលយើងគប្បីត្រូវចេះទាក់ទាញ និងប្រើប្រាស់ការវិនិយោគនេះនៅក្នុងវិស័យផលិតកម្ម និងវិស័យដែលជាដង្ហើមនៃសេដ្ឋកិច្ចជាតិ។ 
 


ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្របខណ្ឌយុទ្ធសាស្រ្តថវិកា និងយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងច្បាប់វិនិយោគថ្មីជាដើម ដែលត្រូវនឹងប្រកាសឱ្យប្រើនាពេលខាងមុខនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ផ្តល់លទ្ធភាពទាំងសម្រាប់រដ្ឋ និងទាំងសម្រាប់ឯកជន ដើម្បីបង្កើនការវិនិយោគបន្ថែម។ 


 
ម្យ៉ាងវិញទៀត កម្ពុជាក៏ត្រូវចេះប្រើប្រាស់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពផងដែរ ដោយម្ខាងបែងចែក និងប្រើប្រាស់ធនធានមនុស្សឱ្យចំទិសដៅ និងម្ខាងទៀតត្រូវលើកកម្ពស់ផលិតភាពតាមរយៈការបង្កើនគុណភាពការអប់រំ និងជំនាញបច្ចេកទេស។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ដោយភាពឆ្លាតវៃ ដើម្បីបង្កើតតម្លៃឬចំណូលបន្ថែម ដោយម្ខាងធានាឱ្យមាននូវ   ចីរភាពខាងផ្នែកបរិស្ថាន និងម្ខាងទៀត ដើម្បីបានផលចំណេញដល់សេដ្ឋកិច្ច៕  

 

អត្ថបទ ស៊ឺន សាយ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024