ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជាទទួលបានកម្ចីជិត១២៨ លានដុល្លារ ពី ADB សម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី

១៤ កញ្ញា ២០២០ | សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB នៅថ្ងៃទី ១១ ខែកញ្ញានេះ បានសម្រេចអនុម័តប្រាក់កម្ចីជិត១២៨ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពនិងអាចទុកចិត្តបាន។ 

 

តាមការគូសបញ្ជាក់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង  កំពង់ចាម និងតាកែវ។


លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថា ការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ 


លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB មានប្រសាសន៍ថា    “គម្រោង តាមរយៈ ការផ្តល់ហិរញ្ញប្បទាន និង ការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាព ប្រកួតប្រជែង និងការធ្វើពិពិធកម្មនានា បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។

 

គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១៣០០ នៅក្នុង វិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ 


ជំងឺរាតត្បាត COVID-19 គម្រាមកំហែងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែល មានអត្រាជាមធ្យម ៧,១% ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន ADB ព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥ ភាគរយនៅឆ្នាំ ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ ១,៣ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ ទន្ទឹមនឹងនេះដែឬ រាជដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្តកម្មវិធីជំនួយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។


ចាប់តាំងពីឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លាន ដុល្លារ៕

 

អត្ថបទ៖ ចាន់ ភារម្យ រូបភាព៖ EDC

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024