ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំប្រទេសវៀតណាម ប្រកាសស្វាគមន៍មហិច្ឆតាវិនិយោគរបស់ ជប៉ុន មកកាន់ប្រទេសវៀតណាម

១១ កញ្ញា ២០២០ | សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសស្វាគមន៍ចំពោះ មហិច្ឆតាវិនិយោគរបស់ វិនិយោគិនជប៉ុន ចូលមកកាន់ប្រទេសរបស់ខ្លួន ដោយលោក បានអះអាងថា ទីផ្សារវៀតណាម គឺធំគ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានបំណងផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងអនុវត្ត គម្រោងវិនិយោគយក្សៗ នៅទីនេះ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានក្នុងស្រុករបស់ ប្រទេសវៀតណាម។


លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ថា តាមរយៈប្រទេសវៀតណាម ក្រុមហ៊ុនជប៉ុន អាចឈានជើងចូលទីផ្សារ អាស៊ាន ដែលមានប្រជាជនជាង ៦៥០លាននាក់ ហើយលោក ក៏ស្វាគមន៍ ក្រុមហ៊ុនជប៉ុនទាំង ១៥ដំបូង ក្នុងចំណោម ៨៧ក្រុមហ៊ុន ដែលរដ្ឋាភិបាលជប៉ុន ជំរុញឲ្យពួកគេផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ចេញពី ប្រទេសចិន មកកាន់វៀតណាមវិញ។


លោក យ៉ាម៉ាដា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា វិនិយោគិនជប៉ុនជាច្រើន ចាប់អារម្មណ៍ ប្រទេសវៀតណាម ជាគោលដៅវិនិយោគថ្មី ក្នុងកំឡុងពេលនៃវិបត្តិកូវីដ ១៩នេះ។


លោក យ៉ាម៉ាដា ក៏បានស្នើឲ្យ វៀតណាម បើកដំណើរការជើងហោះហើររវាងប្រទេសទាំងពីរ ឡើងវិញ និងខិតខំពង្រឹងការចំណាយមូលនិធិសាធារណៈ ទៅលើគម្រោងអភិវឌ្ឍន៍សំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។


តំណាងមកពី សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏បានស្នើដល់ វៀតណាម ឲ្យបង្កើតវិធានការលើកទឹកចិត្តចំពោះ សំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើគំរូ ភាពជាដៃគូរដ្ឋនិងឯកជន និងអនុញ្ញាតឲ្យ ក្រុមហ៊ុនជប៉ុនបង្កើនភាគហ៊ុន នៅក្នុងសាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋ។


ទាក់ទិននឹងកង្វល់នេះ នាយករដ្ឋមន្រ្តីវៀតណាម បានឆ្លើយតបភ្លាមៗវិញថា លោក នឹងចាត់រដ្ឋមន្រ្តី និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឲ្យសម្រួលដល់បញ្ហានេះនិងធានាថា វៀតណាម នឹងបង្កើតបរិយាកាសវិនិយោគដ៏ល្អបំផុត សម្រាប់វិនិយោគិនជប៉ុន។


នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ប្រទេសជប៉ុន ជាវិនិយោគិនធំជាងគេលំដាប់ទី ៤ នៅក្នុងប្រទេសវៀតណាម ដែលមានទុនចុះបញ្ជីជាង ១ពាន់ ៦រយលានដុល្លារអាមេរិក។


សូមបញ្ជាក់ដែរថា វៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគពីក្រៅប្រទេសប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលវាទាបជាង លទ្ធផលសម្រេចបាន កាលពីឆ្នាំ ២០១៩កន្លងទៅ សរុបប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែវាត្រូវបាន អ្នកជំនាញចាត់ទុកថា ជា លទ្ធផលដ៏ល្អបំផុត ដែលអាចធ្វើបាន កំឡុងពេលកូវីដ១៩នេះ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024