ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ថៃ ត្រៀមខ្លួនរួចរាល់ក្នុងការបើកទ្វារទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញ

១១ កញ្ញា ២០២០ | សេដ្ឋកិច្ច

អាជ្ញាធរទេសចរណ៍ថៃ ប្រកាសថា ថៃ ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកទ្វារទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញ បើទោះបីជា ថៃ ត្រូវប្រឈមមុខ នឹងលទ្ធភាពឆ្លងមេរោគកូវីដ ១៩ ជាថ្មីក៏ដោយ ព្រោះថៃ ជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការកាត់បន្ថយ ផលប៉ះពាល់ឲ្យនៅកម្រិតទាបបំផុត និងជៀសវាងបង្កជាបញ្ហាធំដល់ អត្រាបាត់បង់ការងារនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។


អាជ្ញាធរទេសចរណ៍ថៃ បញ្ជាក់ថា គិតមកទល់នឹងខែ កញ្ញានេះ ចំនួនអ្នកដំណើរអន្តរជាតិ ដែលចូលមកកាន់ប្រទេសថៃ ស្ថិតនៅកម្រិតថេរ ត្រឹមតែ ៦លាន ៧សែនប៉ុណ្ណោះ ហើយការចំណាយរបស់ពួកគេទៀតសោត ក៏មានត្រឹមតែ ១០ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៧០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


តាំងពីមានករណីឆ្លងមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ថៃ អាជ្ញាធរទេសចរណ៍ថៃ បានព្យាករណ៍ទម្លាក់ ចំនួននៃការធ្វើដំណើរកម្សាន្តក្នុងស្រុកក្នុងឆ្នាំ ២០២០នេះ ពី ៨០លានជើង មកនៅត្រឹម ៧០លានជើង បង្កើតប្រាក់ចំណូលបានត្រឹមតែ ១៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៦០% ធៀបនឹងឆ្នាំ ២០១៩។


លោក យុត្តាស័ក ស៊ូផាសន អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ អះអាងថា ថៃ ត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ នៅក្នុងត្រីមាសទី ៤ មុនដំណាច់ឆ្នាំនេះ ដោយសារតែ សកម្មភាពទេសចរណ៍ក្នុងស្រុក ពុំអាចទ្រទ្រង់ដល់ សេដ្ឋកិច្ចជាតិបានឡើយ ហើយការងារជាង ២លាន ៥សែន ក្នុងចំណោម ៤លានកន្លែង ត្រូវប្រឈមមុខនឹងការបាត់បង់។


លោកបន្តថា ដើម្បីបើកទ្វារប្រទេសឡើងវិញ រាជរដ្ឋាភិបាលថៃ ត្រូវអនុវត្តផែនការដោយប្រុងប្រយ័ត្នបំផុត និងពង្រឹងទំនាក់ទំនងឡើងវិញ ជៀសវាងការប្រឆាំងតវ៉ានានា កើតមានឡើងនៅក្នុងប្រទេស ដោយសារតែក្តីបារម្ភពី ប្រជាពលរដ្ឋរបស់ខ្លួន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024