ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់កម្លាំងនគរបាល និងអាជ្ញាធរដែនដី ឲ្យបន្ដសហការ បង្ក្រាបទីតាំងកែច្នៃរថយន្ដខុសច្បាប់

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើដល់កងកម្លាំងនគរបាលជាតិនិងអាជ្ញាធរដែនដី ឲ្យបន្ដចូលរួមសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកែច្នៃរថយន្ដខុសច្បាប់។ ឯកឧត្តម រដ្ឋមន្ដ្រី បានចាត់ទុកថា យានដ្ឋានកែច្នៃរថយន្ដខុសច្បាប់ទាំងអស់នោះ ជាដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យរថយន្ដដឹកលើសចំណុះ ធ្វើអោយខូចខាតផ្លូវជាដើម។

 


ការស្នើដល់កងកម្លាំងនគរបាលជាតិនិងអាជ្ញាធរដែនដី ឲ្យបន្ដចូលរួមសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកែច្នៃរថយន្ដខុសច្បាប់នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 


ឯកឧត្តមរដ្ឋមន្ដ្រី បានចាត់ទុកថា យានដ្ឋានកែច្នៃរថយន្ដខុសច្បាប់ទាំងអស់នេះ ជាដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យរថយន្ដដឹកលើសចំណុះ ធ្វើអោយខូចខាតផ្លូវជាដើម។

 


ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានបញ្ជាក់ថា តាមសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ  ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាភ្លាមៗ ទៅនាយកដ្ឋានជំនាញ ស្នងការរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីបង្ក្រាបទីតាំងកែច្នៃយានយន្ដខុសច្បាប់ ឲ្យអស់ពីមូលដ្ឋានផងដែរ។

 


គួរជម្រាបថា ក្រោយបញ្ចប់ជំនួបសំណេះសំណាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានប្រគល់អំណោយមួយចំនួន ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរួមមានឧបករណ៍ត្រួតពិនិត្យល្បឿន និងគ្រឿងឧបភោគ បរិភោគជាដើម ៕
 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024