ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

៨ខែដើមឆ្នាំ ការនាំចេញអង្កររបស់ វៀតណាម សម្រេចបានជាង ២.២ពាន់លានដុល្លារ

០៩ កញ្ញា ២០២០ | សេដ្ឋកិច្ច

គិតចាប់ពីខែមករា ដល់ខែសីហាកន្លងទៅនេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញអង្ករបានជាង ៤លាន ៥សែនតោន ដែលគិតជាទឹកប្រាក់សរុបជាង ២ពាន់ ២រយលានដុល្លារអាមេរិក ដែលទំហំទឹកប្រាក់នេះ កើនឡើងជាង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម សារព័ត៌មានក្នុងស្រុករបស់វៀតណាម ចេញផ្សាយនៅថ្ងៃនេះ។

 

ការនាំចេញអង្កររបស់វៀតណាមនៅក្នុងអំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩នេះ ត្រូវបានអ្នកជំនាញមើលឃើញថា ទាំងតម្លៃ និងបរិមាណនាំចេញអង្ករ គឺធ្វើបានល្អប្រសើរជាង ប្រទេសថៃ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តជាង ៣០ឆ្នាំចុងក្រោយនេះ។

 

អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករវៀតណាមអះអាងថា ប្រទេសថៃ រំពឹងនឹងនាំចេញអង្ករជាង ៦លាន ៥សែនតោនក្នុងឆ្នាំនេះ ដែលនឹងធ្វើឲ្យ ថៃ ធ្លាប់ចំណាត់ថ្នាក់មកដល់លេខ ៥ ក្នុងចំណោមប្រទេសកំពូលនាំចេញអង្ករលើ សកលលោក។


កាលពីដើមឆ្នាំ ២០២០នេះ តម្លៃអង្ករបាក់ របស់ថៃ គឺមានតម្លៃថ្លៃជាងអង្ករវៀតណាម ដល់ទៅ ៦០ដុល្លារអាមេរិកឯណោះ តែចូលមកដល់ ពាក់កណ្តាលខែសីហាកន្លងទៅនេះ អង្ករវៀតណាម ត្រូវបានជួញដូរក្នុងតម្លៃចន្លោះពី ៤៩៣ដុល្លារ ដល់ ៤៩៧ដុល្លារក្នុងមួយតោន ខណៈ អង្ករថៃ លក់ត្រឹមតែ ៤៧៣ដុល្លារ ទៅ ៤៧៧ដុល្លារ ក្នុងមួយតោន។

 

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម គូសបញ្ជាក់ថា វៀតណាម ក៏ទទួលបានកូតា នាំចេញអង្ករទៅកាន់ សហភាពអឺរ៉ុប ៨ម៉ឺនតោនក្នុងមួយឆ្នាំ ដោយគិតអត្រាពន្ធសូន្យ ដែលជាឱកាសថ្មីទៀត សម្រាប់វៀតណាម ក្នុងការចាប់យកចំណែកទីផ្សារអឺរ៉ុប និងសកលលោក។


គួរជម្រាបបន្ថែមថា ក្នុងរយៈពេល ៨ខែ ដើមឆ្នាំនេះ វៀតណាម បានធ្វើការនាំចេញទំនិញជាង ១៧៤ពាន់លានដុល្លារអាមេរិក និងបាននាំចូលមកវិញជាង ១៦២ពាន់លានដុល្លារអាមេរិក ដោយសហរដ្ឋអាមេរិក នៅតែជាទីផ្សារទិញទំនិញវៀតណាម ធំជាងគេបំផុត៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024