ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនជាង ៦៥៧ លានដុល្លារ នៅ៧ខែឆ្នាំ២០២០នេះ 

០៨ កញ្ញា ២០២០ | សេដ្ឋកិច្ច

បើទោះបីជាមានបញ្ហាកូវីដ-១៩ បាននិងកំពុងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ចនៅទូទាំងសកលលោកយ៉ាងណាក្ដី ប៉ុន្ដែបើយើងក្រឡេកទៅមើលការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិកវិញ ឃើញថា នៅតែរក្សាបានកំណើនវិជ្ជមាន ដោយនៅរយៈពេល៧ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញ ទៅអាមេរិកមានតម្លៃជាទឹកប្រាក់ប្រមាណ ៣ពាន់៤រយលានដុល្លារ កើនឡើងជាង៦៥៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

 

 

នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយមួយពីការិយាល័យជំរឿនរបស់អាមេរិក។

 

តាមទិន្នន័យពីប្រភពដដែលនេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅរយៈពេល៧ខែមកនេះ សម្រេចបានប្រមាណជិត៣ពាន់៦រយលានដុល្លារអាមេរិក កើនឡើងជាង៥២០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

ក្នុងនោះដែរ នៅ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញទៅអាមេរិក សរុបមានតម្លៃជាងទឹកប្រាក់ប្រមាណ ៣ពាន់៤រយលានដុល្លារ កើនឡើងកើនឡើងជាង៦៥៧លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ខណៈដែលការនាំចូលពីអាមេរិកមកវិញ សម្រេចបានត្រឹមតែប្រមាណ ១៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ មានការធ្លាក់ចុះដល់ទៅ ជិត១៤០ លានដុល្លារ។

 

 

ថ្លែងនៅក្នុងជំនួបជាមួយនឹងលោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសក្ដានុពលនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាំ-អាមេរិក ថា បានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងពី ៣ពាន់៣រយលានដុល្លារ នៅឆ្នាំ២០១៨ មកដល់៤ពាន់៧រយលានដុល្លារ នៅឆ្នាំ២០១៩ ដែលមានអត្រាកំណើនរហូតដល់ទៅ ៤២%។

 

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន ស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឲ្យបានកាន់តែច្រើនថែមទៀត៕

 

អត្ថបទ៖ ចាន់ ភារម្យ 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024