ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងអប់រំ៖ ការអនុវត្តស្តង់ដាអនាម័យ ក្នុងអំឡុងនៃការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២

០៧ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្រសួងអប់រំ យុវជន និងកីឡាបានអោយដឹងថាសាលារៀនមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៦ខែ។ 

 

 

ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 

 

 

យោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។ 

 

 

កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ 

 

 

សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខកាត់បន្ថយការប្រមូលផ្ដុំជាដើម។ 

 

 

សូមជម្រាបថា ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋ អនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024