ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជារកចំណូលបាន៣០០លានដុល្លារ ពីការនាំចេញអង្ករ នៅ៨ខែឆ្នាំនេះ

០៧ កញ្ញា ២០២០ | សេដ្ឋកិច្ច

នៅក្នុងរយៈពេល ៨ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណដល់ទៅជិត៤៥ម៉ឺនតោន ខណៈដែលប្រាក់ចំណូលដែលបានមកពីការនាំចេញអង្ករនេះមានរហូតដល់ទៅប្រមាណ ៣០០លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

 


តាមរបាយការណ៍បានឲ្យដឹងទៀតថា នៅ៨ខែឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើង៣១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ក្នុងនោះ គោលដៅនាំចេញអង្ករធំៗរបស់កម្ពុជាមានដូចជាប្រទេសចិនមានចំណែកទីផ្សារ៣៧% នៃការនាំចេញអង្ករសរុប បន្ទាប់មកសហគមន៍អឺរ៉ុបមាន៣៤% និងប្រទេសអាស៊ានមាន១៣%។ 


គួរចាប់អារម្មណ៍ដែរថា ទីផ្សារអង្កររបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ក៏កំពុងមានសន្ទុះកើនឡើងខ្លាំងណាស់ដែរ ពោលគឺនៅរយៈពេល៨ខែនៃពីរឆ្នាំចុងក្រោយនេះ អង្ករកម្ពុជានៅទៅអូស្ត្រាលី កើនឡើងដល់ទៅ ជាង៩៤៦% ឯណោះ។ 

 


ទោះជាបែបនេះក្ដី សម្រាប់ក្នុងខែកក្កដាកន្លងទៅនេះ ការនាំចេញអង្ករបានបង្ហាញពីការធ្លាក់ចុះទៅវិញប្រមាណជិត៣៥%ឯណោះ បើធៀបនឹងទៅនឹងខែសីហាឆ្នាំមុន។

 

តាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករ កាធ្លាក់ចុះនៃការនាំចេញអង្ករនៅខែចុងក្រោយនេះ គឺដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមួយទៀតនោះ គឺដោយសារតែការឈប់សម្រាកសងចូលឆ្នាំខ្មែរ ដែលលើកពីខែមេសា មកខែសីហានេះ បានធ្វើឲ្យការងាររដ្ឋបាល និងសេវាមួយចំនួនមានការយឺតយ៉ាវ ពិសេសនៅក្នុងសប្ដាហ៍ទី៣ នៃខែសីហានេះ។ 


យ៉ាងណាក៏ដោយចុះ បើតាមការសន្និដ្ឋានរបស់អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យនាពេលកន្លងទៅនេះ ថា ដោយសារតែបញ្ហាអាកាសធាតុនេះ គោលដៅនាំចេញអង្ករឲ្យបានដល់ ៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោន នៅឆ្នាំ២០២០នេះ ទំនងជាមិនអាចសម្រេចបាននោះទេ៕

 

អត្ថបទ៖ ចាន់ ភារម្យ 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024