ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តសុវណ្ណគិរី ខេត្តសៀមរាប

០៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តសុវណ្ណគិរី (ហៅវត្តពើងបាក់រទេះ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ២០០នាក់។ វត្តសុវណ្ណគិរីមានព្រះសង្ឃទាំងសាមណេរ និងភិក្ខុសរុបចំនួន៣៤អង្គ ដែលកំពុងគង់ចាំព្រះវស្សាក្នុងឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នេះ។ 

 

 

ក្នុងពិធីកាន់បិណ្ឌ១នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាព។ 

 

 

សូមជម្រាបជូនថា៖ វត្តសុវណ្ណគិរី ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីផ្សារកំពង់ក្តីដោយធ្វើដំណើរតាមផ្លូវកៅស៊ូខ្លះ ផ្លូវគ្រួសក្រហមខ្លះ និងផ្លូវដីខ្លះ។ 

 

ចាប់ពីជើងភ្នំឡើងទៅកាន់វត្ត ផ្លូវមានស្ថានភាពលំបាកបើកបរ ព្រោះជាផ្លូវដី។ ផ្លូវនេះបត់បែនតាមជម្រាលភ្នំ និងអមដោយរុក្ខជាតិស្រស់បំព្រងគួរជាទីគយគន់ និងខ្យល់បរិសុទ្ធពីធម្មជាតិ។ 

 

ដោយសារវត្តនេះជារមណីយដ្ឋានធម្មជាតិប្រកបដោយភាពទាក់ទាញ និងជាទីសក្ការបូជាដ៏ស័ក្កសិទ្ធិ ទោះបីផ្លូវឡើងទៅកាន់វត្តនោះមានលក្ខណៈលំបាកបើកបរបន្តិចក្ដី ក៏មានពុទ្ធបរិស័ទចេញចូលយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យថ្វាយព្រះសង្ឃនៅវត្តនោះជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយ៕
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024