ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋបន្តអនុវត្តការពារខ្លួនពីជំងឺកូវីដ១៩ និងការពុលអាហារនៅអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

០៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការបង្ការការឆ្លងវីរុសកូវីដ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា។

 


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់តាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី០២ ខែកញ្ញានេះ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នូវសុខភាពផ្ទាល់ខ្លួន និងការអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ១៩។

 


ជាមួយគ្នានេះ លោកជំទាវបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់រក្សានូវសុវត្ថិភាព អនាម័យ ចំណីអាហារឲ្យបានល្អត្រឹមត្រូវ ចៀសវាងបញ្ហាសុខភាព ដែលបណ្តាលមកពីការពុលចំណីអាហារ។ ក្នុងនោះ លោកជំទាវបានសំណូមពរឲ្យមានសុវត្ថិភាពចំណីអាហារចំនួន ៥ចំណុចសំខាន់ៗ រួមមាន៖ ១. សូមចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ, ២. សូមរក្សាទុកដាក់ចំណីអាហារឲ្យបានត្រឹមត្រូវ កុំឲ្យច្របូកប្របល់គ្នា កុំទុកម្ហូបអាហារដល់ផ្អូម ដែលនាំឲ្យអ្នកទទួលទានពុលអាហារ, ៣. ចៀសវាងប្រើប្រាស់នូវរបស់របរដែលមិនស្អាត ហើយត្រូវតែលាងសម្អាតសម្ភារៈចម្អិនអាហារឲ្យបានត្រឹមត្រូវ, ៤. ចៀសវាងការប្រើប្រាស់ស្រា ស ដែលផលិតមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង៥. ត្រូវម្ហូបអាហារឲ្យនៅសីតុណ្ហភាពត្រឹមត្រូវ បើត្រជាក់ក្រោម ៥អង្សារសេ បើក្តៅលើសពី ៦០អង្សារសេ។

 


ទន្ទឹមនឹងនេះដែរ លោកជំទាវ ឱ វណ្ណឌីន នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការពារកុំឲ្យមានការចម្លងវីរុសកូវីដ១៩ តាមទីវត្តអារាម ដោយអនុវត្តវិធានការសាមញ្ញៗ ដូចជាលាងសម្អាតដៃឲ្យបានញឹកញាប់ និងពាក់ម៉ាសឲ្យបានជាប់ជានិច្ច។ បន្ថែមលើនេះ ពេលស្តាប់ព្រះសង្ឃសម្តែងធម៌ ពេលរាប់បាត្រ និងធ្វើសកម្មភាពដទៃទៀត ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយបែងចែកឲ្យមានក្រុមតូចៗ។

 


ក្រៅពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការវត្ត ត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការរៀបចំសុវត្ថិភាព អនាម័យឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងចៀងផុតពីការចម្លងវីរុស និងការពុលអាហារផងដែរ៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024