ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

គោលដៅនាំចេញអង្ករប្រមាណ៨០ ម៉ឺនតោននៅឆ្នាំនេះទំនងជាពិបាកសម្រេចបាន ដោយបញ្ហាអាកាសធាតុ

០១ កញ្ញា ២០២០ | សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា គោលដៅនាំចេញអង្ករប្រមាណ៨០ ម៉ឺនតោននៅឆ្នាំនេះទំនងជាមិនអាចសម្រេចបានតាមផែនការដែលបានកំណត់នោះឡើយ ខណៈការបង្កបង្កើនផលរបស់ប្រជាកសិករនៃសហគមន៍កសិកម្មដែលបានធ្វើកិច្ចសន្យាកសិកម្មត្រូវបានរងផលប៉ះពាល់ដោយសារបញ្ហារបាយទឹកភ្លៀងមិនស្មើគ្នានៅឆ្នាំនេះ។

 


លោកលន់ យេង អគ្គលេខាធិកាសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ផែនការនាំចេញអង្ករឆ្នាំនេះអាចនឹងមានការរាំងស្ទះបន្តិចដោយបញ្ហាអាកាសធាតុក្នុងខែ ៦ និងខែ៩ មានការប្រែប្រួល ដែលជាហេតុធ្វើឲ្យរបាយទឹកភ្លៀងមិនស្មើគ្នានៅតាមតំបន់មួយចំនួន បង្កភាពយឺតយ៉ាវ ចំពោះការប្រមូលផលមិនទាន់ពេលវេលាតាមការកំណត់ពិសេសប្រភេទស្រូវដែលជាមុខសញ្ញានាំចេញតែម្តង។

 


លោកបន្តថា ផលស្រូវជាទូទៅមិនមានការខ្វះខាតនោះឡើយ តែស្រូវដែលជាមុខសញ្ញានាំចេញវិញគឺរងផលប៉ះពាល់បន្តិចឆ្នាំនេះអាចនឹងធ្វើឲ្យការប្រមូលផលមានការខ្វះខាតបន្តិច ខណៈដែលការងារបង្កបង្កើនផលតាមកិច្ចសន្យាកសិកម្មមួយចំនួនត្រូវរងការខូចខាត ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងមិនគ្រប់គ្រាន់ ហេតុដូច្នេះហើយផែនការនាំចេញអង្ករប្រមាណ៨០ ម៉ឺនតោនដែលសហព័ន្ធប្រការពីមុននៅឆ្នាំនេះទំនងជាមិនអាចសម្រេចបានឡើយ។


ជាមួយគ្នានេះដែរឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍនជនបទ និងកសិកម្មបានអះអាង បញ្ហាធំបច្ចុប្បន្នគឺរបាយទឹកភ្លៀងមិនស្មើគ្នាធ្វើឲ្យមានការពន្យាពេលនៃការប្រមូលផល និងទិន្នផលស្រូវទៀតសោធនៅឆ្នាំនេះទំនងជាប្រមូលបានតិចជាងឆ្នាំ២០១៩ ពី៥តោន មកនៅត្រឹម៤តោនក្នុងមួយហិកតា។

 

 

លោកបន្តថា ស្ថានភាពរបាយទឹកភ្លៀងឆ្នាំនេះពិតជាធ្វើឲ្យយើងពិបាកព្យាករបានថា គោលដៅនាំចេញអង្កររបស់សហព័ន្ធនៅឆ្នាំ២០២០ នេះ ថានឹងធ្វើឲ្យបាន៨០ម៉ឺនតោនឬលើសពីនេះពិបាកនឹងសម្រេចបានណាស់។


ឯកឧត្តមបញ្ជាក់ថា ដោយសារតែរបាយទឹកភ្លៀងនេះហើយបានជាធ្វើឲ្យការប្រមូលផលស្រូវឆ្នាំនេះមានភាពយឺតយ៉ាវដោយបានអូសបន្លាយពេលប្រមូលផលរហូតដល់ខែ៩ និងខែ១០ទើបអាចប្រមូលផលបាន ខណៈឆ្នាំកន្លងទៅការប្រមូលផលអាចប្រព្រឹត្តទៅបាននៅអំឡុងខែ ៦ និងខែ៧ ប៉ុណ្ណោះ។


ជាការអះអាងរបស់ឯកឧត្តមកៅ ថាច កាលពីពេលថ្មីៗនេះសហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមលើសំណើរពន្យាការសងប្រាក់កម្ចីក៏បានស្នើសុំបន្ថែមថវិកាផងដែរក្នុងការជំរុញដំណើរការទិញស្រូវដើម្បីកិននាំចេញបានតាមគោលដៅរបស់សហព័ន្ធដែលបានកំណត់ថា នៅឆ្នាំ២០២០នេះនឹងត្រូវនាំចេញអង្ករសម្រេចឲ្យបាន៨០ម៉ឺនតោនឬច្រើនជាងនេះ។

 


យោងតាមរបាយការណ៍ក្រសួងកសិកម្មការ នាំចេញអង្កររបស់កម្ពុជានៅរយៈពេល៧ខែ ឆ្នាំ២០២០នេះ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងទំហំបរិមាណជាង ៤២ម៉ឺន ៦ពាន់តោន កើនឡើងជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ខណៈដែលតម្រូវការទីផ្សារអង្កររបស់កម្ពុជាកំពុងកើនឡើងជាលំដាប់៕

 


អត្ថបទ ស៊ឺន សុន 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024