ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ជូន និងទទួលកងទ័ពមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

២៥ សីហា ២០២០ | ព័ត៌មានជាតិ

កម្ពុជាបានត្រៀមរួចរាល់ហើយ សម្រាប់ការងារបញ្ជូន និងទទួលការវិលត្រឡប់របស់កងទ័ពមួកខៀវនៅក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ បើតាមប្រមុខការពារជាតិ បានបញ្ជាក់ថា ការវិលត្រឡប់និងការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងត្រូវធ្វើឡើងជាដំណាក់កាលៗ ដោយអនុវត្តយ៉ាងប្រុងប្រយ័ត្នតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

 


ការបញ្ជូននិងការទទួលការវិលត្រឡប់របស់កងកម្លាំងមួកខៀវកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងត្រូវធ្វើឡើងជាដំណាក់កាលៗដោយអនុវត្តយ៉ាងប្រុងប្រយ័ត្នបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺតម្រូវអោយធ្វើចត្តាឡីស័កមុនចេញដំណើររយៈពេល១៤ថ្ងៃ និងពេលទៅដល់តំបន់បេសកកម្មត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ។ នេះបើតាមការបញ្ជាក់របស់ សម្តចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ កងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ ដែលត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាព្រឹកថ្ងៃទី២៤ សីហានេះ ។

 


ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ក៏បានត្រៀមក្រុមគ្រូពេទ្យ និងទីតាំងធ្វើចត្តាឡីស័កសម្រាប់កងកម្លាំងមួកខៀវ ដែលនឹងវិលត្រឡប់មកដល់កម្ពុជានៅកញ្ញាខាងមុខផងដែរ។ 


សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា តាមជំហររបស់កម្ពុជា បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់កម្ពុជាមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

 


គួរជម្រាបជូនថា តាមការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិ កងកម្លាំងមួកខៀវកម្ពុជា នឹងមកពី មកពីប្រទេសម៉ាលី នៅខែកញ្ញា មកពីស៊ូដង់ខាងត្បូង នៅខែតុលា មកពីអាហ្រ្វិកកណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ និងមកពីលីបង់ នៅខែមករា ២០២១។


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវចំនួន៥កងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024