ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សម្តេចហ៊ុន សែន អះអាងថា ក្នុងកាលៈទេសៈកូវីដ-១៩ មិនទាន់បញ្ចប់ ការនាំចូលផលិតផលកសិកម្មទៅចិន នឹងបន្ដកើនឡើងកាន់តែខ្ពស់

២៥ សីហា ២០២០ | សេដ្ឋកិច្ច

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃស្ថានភាពកូវីដ-១៩ មិនទាន់ថានឹងបញ្ចប់នៅពេលណានោះ ការផលិតស្បៀងអាហារបន្ថែម គឺជារឿងចាំបាច់បំផុតសម្រាប់បំពេញសេចក្ដីត្រូវការរបស់មនុស្ស។ ក្នុងនោះដែរ ដោយសារតែបណ្ដាប្រទេសទាំង៥ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមទាំងកម្ពុជាផង គឺជាប្រទេសផលិតស្បៀងអាហារ សម្តេចសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការជំរុញ ការធ្វើពាណិជ្ជកម្មកសិកម្ម ដើម្បីនាំចូលទៅកាន់ប្រទេសចិន កាន់តែខ្លាំងក្លាថែមទៀត។


សម្តេច តេជោ ហ៊ុន សែន អះអាងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២៤ ខែសីហានេះ។

 


សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងកាលៈទេសៈដែលយើងមិនទាន់ដឹងថា តើកូវីដ-១៩ នឹងត្រូវបញ្ចប់នាពេលណានោះ ការធានាបាននូវសន្ដិសុខស្បៀង គឺជារឿងដ៏ចាំបាច់មួយ ហើយវាក៏ត្រូវការ ការជំរុញលើការផលិតស្បៀងអាហារបន្ថែមផងដែរ ។ សម្តេច បន្ថែមថា ក្នុងបរិការណ៍នេះ ដោយសារតែបណ្ដាប្រទេសចំនួន ៥ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានថៃ ឡាវ មីយ៉ាន់មា វៀតណាម និងកម្ពុជា សុទ្ធសឹងជាប្រទេសផលិតស្បៀងអាហារនោះ ដូច្នេះយើងសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងមានការជំរុញលើការធ្វើពាណិជ្ជកម្មកសិកម្ម រវាងប្រទេសទាំង៥នេះ ជាមួយនឹងប្រទេសចិនកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ សម្តេច រំពឹងថា នឹងមានផលិតផលកសិកម្មកាន់តែច្រើនថែមទៀតនឹងអាចនាំចូលទៅកាន់ប្រទេសចិន ជាមួយនឹងកំណើនកាន់តែខ្ពស់ផងដែរ។


បើតាមទិន្នន័យដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ នេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្ដាប្រទេសទាំង៥នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៩ សម្រេចបានជាង២៨៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ការវិនិយោគផ្ទាល់របស់ចិន មកកាន់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំង៥នេះ មានដល់ទៅជាង៥១ ពាន់លានដុល្លារអាមេរិក កើនឡើង៨៦%។

 


គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេច តេជោ ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ឯកឧត្តម លី កឺឈាង នាយករដ្ឋមន្ត្រីចិន ហើយសម្តេច ក៏បានគាំទ្រនូវសំណើររបស់ប្រទេសចិន ក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ ទី១ គឺការតភ្ជាប់តាមរយៈការកសាងខ្សែ ក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មតាមដី-សមុទ្រអន្តរជាតិថ្មី។ ទី២ កិច្ចសហប្រតិបត្តិការធនធានទឹក។ ទី៣ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម និងបរិស្ថាន និងទី ការលើកម្ពស់សុខភាពសាធារណៈតាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024